នៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចូលរួម កិច្ចប្រជុំក្រុមការងារអាដហុកលើកទី១៤ ដើម្បីអភិវឌ្ឍក្របខណ្ឌលទ្ធផល នៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារអាដហុកទាំង ១១ប្រទេសសមាជិក និងលេខាធិការអាស៊ាន។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ១. ធ្វើបច្ចុប្បន្នភាពធាតុចូលដែលទទួលបានពីអនុវិស័យក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន (AMS Sectoral Bodies) លើសេចក្តីព្រាងក្របខ័ណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន (Draft of ASCC Result Framework) ២. ពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលផ្តោតលើសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់វិធានយុទ្ធសាស្ត្រ និងសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ផែនការការងាររបស់អនុវិស័យពាក់ព័ន្ធ និង ៣. កំណត់ចំណុចដៅ (Baselining) នៃសូចនាករសមិទ្ធកម្មគន្លឹះ ដោយរួមបញ្ចូលពេលវេលាច្បាស់លាស់ (Clear Timelines) សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន។
ក្នុងចំណោមវិធានយុទ្ធសាស្ត្រ (Strategic Goals) ចំនួន១១២ សូចនាករសមិទ្ធកម្មគន្លឹះ (Key Performance Indicators) សរុបមកដល់ពេលនេះមានចំនួន១៨៤៣ ក្នុងនោះសូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រ (KPIs for Strategic Measure Level) សរុបមានចំនួន១៤០២ និងសូចនាករសមិទ្ធកម្មគន្លឹះកម្រិតលទ្ធផល (KPIs for Output Level) សរុបមានចំនួន៤៣២។
គួរបញ្ជាក់ថា សូចនាករសមិទ្ធកម្មគន្លឹះស្ថិតក្នុងស្ថានភាពកំពុងអភិវឌ្ឍ ដូចជា៖ ១. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន៦០៧ និងសូចនាករសមិទ្ធកម្មគន្លឹះកម្រិតលទ្ធផលចំនួន៧២ ត្រូវបានស្នើឱ្យដកចេញ ២. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន១០១ ត្រូវបានស្នើឱ្យបញ្ចូល រក្សាទុក និងផ្ទេរពីផែនការការងាររបស់អនុវិស័យពាក់ព័ន្ធ ៣. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន១២៧ ត្រូវបានស្នើឱ្យប្រើប្រាស់ពាក្យ/ឃ្លាឱ្យបានច្បាស់លាស់ ៤. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួន១១៨ ត្រូវបានរៀបចំឱ្យមានសង្គតិភាពលើភាសា ដែនកំណត់ និងភាពច្បាស់លាស់ និង ៥. សូចនាករសមិទ្ធកម្មគន្លឹះកម្រិតវិធានយុទ្ធសាស្ត្រចំនួនចំនួន៥ ត្រូវបានស្នើឱ្យបញ្ចូលគ្នា។ ជាមួយគ្នានេះដែរ អនុសាសន៍សម្រាប់កិច្ចប្រជុំអាដហុកលើកទី១៤ នេះ មានចំនួន៣ រួមមាន៖ ១.ស្នើឱ្យមានការពិភាក្សាបន្ថែមជាមួយអ្នកជំនាញ ឬទីប្រឹក្សាបច្ចេកទេស ដើម្បីជួយក្រុមការងារអាដហុកនិងអនុវិស័យពាក់ព័ន្ធ កែលម្អសូចនាករសមិទ្ធកម្មគន្លឹះបន្ថែម ដោយផ្តល់និយមន័យ ទម្រង់អនុវត្ត ដើម្បីធានាបានភាពច្បាស់លាស់ និងគុណភាពបច្ចេកទេសក្នុងការវាស់វែងលទ្ធផល ២. ស្នើឱ្យលេខាធិការអាស៊ានពិភាក្សាជាមួយ Aus4ASEAN ដើម្បីជ្រើសរើសទីប្រឹក្សាបច្ចេកទេសពីរដ្ឋសមាជិកអាស៊ាន ដើម្បីជួយគាំទ្រការពិនិត្យសូចនាករសមិទ្ធកម្មគន្លឹះ នៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន និង ៣.កំណត់កាលបរិច្ឆេទទទួលធាតុចូលសម្រាប់សូចនាករសមិទ្ធកម្មគន្លឹះ និងចំណុចដៅសម្រាប់ការវាស់វែងលើការអនុវត្ត៕






