ភ្នំពេញ៖ កម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងស្រុក ចំនួន ៨កន្លែង ដែលអាចផលិតបានចំនួនជាង ២០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នការតភ្ជាប់បណ្ដាញអគ្គិសនីតាម ភូមិ សម្រេចបានជិត ១០០ភាគរយហើយ ។
របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិតអគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា។
របាយការណ៍ បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះ មានគម្រោងប្រើធ្យូងថ្ម ពន្លឺ ព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បាត់ដំបង ស្វាយរៀង កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ។
របាយការណ៍ដដែល បានបន្ថែមថា ក្រៅពីការអភិវឌ្ឍផលិតអគ្គិសនីក្នុងស្រុក កម្ពុជា គ្រោងនាំ ចូលបន្ថែមអគ្គិសនីពីប្រទេសឡាវ ចំនួនជាង ២០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នកម្ពុជាមានរោងចក្រ និងវារី អគ្គិសនី កំពុងដំណើរការចំនួន ១០កន្លែង ។
ឯកឧត្តម យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ដើម្បីសម្រេចចក្ខុចវិស័យ ក្រសួងរ៉ែ និងថាមពល បានកំណត់ផែនការសកម្មភាពមួយចំនួនក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្នុងនោះ មានការជំរុញការវិនិយោគអភិវឌ្ឍបង្កើនសមត្ថភាពផលិត បញ្ជូន ចែកចាយ និងការភ្ជាប់បណ្ដាញឲ្យអ្នក ប្រើប្រាស់អគ្គិសនី ឲ្យទាន់តាមផែនការកំណត់។
ឯកឧត្តម បានបញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងបន្តជំរុញកែលម្អការផ្ដល់សេវាឲ្យអ្នកប្រើប្រាស់ ឲ្យរឹត តែខ្លាំង គ្រប់គ្រាន់ មានចីរភាព អាចទុកចិត្តបាន មានគុណភាព និងមានតម្លៃសមរម្យ រួមទាំងពង្រឹងយន្តការគ្រប់គ្រងការអភិវឌ្ឍ និងការផ្ដល់សេវាអគ្គិសនីឲ្យរឹតតែមានប្រសិទ្ធភាព។
គិតត្រឹមចុងឆ្នាំ២០២១ ព្រំដែន នៃអាជ្ញាបណ្ណ ដែលផ្តល់ឱ្យអ្នកចែកចាយ ធ្វើការវិនិយោគ និង អភិវឌ្ឍន៍បណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងឯកជន មានចំនួន១៤ ១៥១ភូមិ ស្មើនឹង៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស ដោយក្នុងចំណោមភូមិទាំងអស់នេះ មានចំនួន៣៥០ភូមិ ស្មើនឹង ២.៤៧ ភាគរយ ពុំទាន់មានខ្សែបណ្ដាញទៅដល់ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

