លោក Abdullah Ocalan ស្ថាបនិកនៃគណបក្សពលករឃើដ( PKK) ដែលកំពុងជាប់ពន្ធនាគារ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលកំពុងបន្តជាមួយប្រទេសទួរគី ខណៈពេលដែលជំរុញឲ្យទីក្រុងអង់ការ៉ាបញ្ចប់ការងារផ្នែកច្បាប់សម្រាប់ដំណើរការនេះ នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង រយៈពេលជាង ៦ខែ បន្ទាប់ពីគណបក្សកម្មករឃើដ (PKK) បានប្រកាសជាផ្លូវការអំពីការតស៊ូប្រដាប់អាវុធរបស់ខ្លួនប្រឆាំងនឹងប្រទេសទួរគី បន្ទាប់ពីអំពើហិង្សារយៈពេល ៤ទសវត្សរ៍ ដែលបានឆក់យកជីវិតប្រហែល ៥០.000នាក់ នៅខាងភាគីទាំងពីរ។

លោក Ocalan បាននិយាយនៅក្នុងសារមួយដែលចេញផ្សាយតាមរយៈគណៈប្រតិភូមកពីគណបក្ស DEM ដែលគាំទ្រឃើដ ដែលបានទៅជួបលោកកាលពីថ្ងៃអង្គារថា «ដំណើរការនេះ គឺជាដំណើរការមួយដើម្បីធានាការចូលរួមរបស់ជនជាតិឃើដ នៅក្នុងសាធារណរដ្ឋ (ទួរគី) តាមរយៈមធ្យោបាយផ្នែកច្បាប់ និងការកសាងសាធារណរដ្ឋប្រជាធិបតេយ្យដែលមានឯកភាពសង្គមទូលំទូលាយបំផុត»។
«ខ្ញុំចង់បញ្ជាក់ជាថ្មីអំពីឆន្ទៈដ៏មុតមាំរបស់យើង និងជំហរដ៏ម៉ឺងម៉ាត់របស់យើងទាក់ទងនឹងដំណើរការនេះ»។
លោក Ocalan អាយុ ៧៦ ឆ្នាំ បានដឹកនាំដំណើរការសន្តិភាពពីបន្ទប់របស់លោកនៅលើកោះពន្ធនាគារ Imrali ជិតទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែងដែលលោកត្រូវបានឃុំខ្លួនតែម្នាក់ឯង ចាប់តាំងពីឆ្នាំ ១៩៩៩មក៕
