បុគ្គល ២រូបដែលដឹងពីឯកសារនេះ បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធ (ទី៣ ខែធ្នូ) ថា ការស៊ើបអង្កេតរបស់មន្ទីរបញ្ចកោណ បានដាក់កំហុសរដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ជុំវិញការប្រើប្រាស់កម្មវិធី Signal នៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់លោក ដើម្បីបញ្ជូនព័ត៌មានរសើប អំពីការគ្រោងទុកនូវការវាយប្រហារ នៅក្នុងប្រទេសយេម៉ែន ដោយបញ្ជាក់ថា វាអាចបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិក ប្រសិនបើសារត្រូវចាប់បាន។

តែរបាយការណ៍របស់អគ្គអធិការកិច្ចឯករាជ្យរបស់មន្ទីរបញ្ចកោណនេះ មិនបានបញ្ជាក់ ជុំវិញថា តើព័ត៌មានដែលលោក Hegseth បានបង្ហោះនោះ គឺជាការសម្ងាត់ដែរ ឬទេ នាពេលនោះ ព្រោះគេបានទទួលស្គាល់ថា ក្នុងនាមជាប្រមុខមន្ទីរបញ្ចកោណ លោកអាចសម្រេចថា ព័ត៌មានអ្វីត្រូវបានចាត់ទុកជាការសម្ងាត់ និងអ្វីមិនមែនជាការសម្ងាត់។
របាយការណ៍នេះមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈនៅឡើយទេ ជាអ្វីដែលមន្ត្រីអាមេរិករំពឹងថា នឹងកើតមានក្នុងសប្តាហ៍នេះ។
យ៉ាងណាក្ដី នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ទីរបញ្ចកោណបានឲ្យដឹងថា ការពិនិត្យឡើងវិញនេះ បានជម្រះយ៉ាងជ្រះស្រឡះនូវកំហុសឆ្គងរបស់លោក Hegseth។ ហើយអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថា៖ «បញ្ហានេះត្រូវបានដោះស្រាយហើយ ហើយករណីនេះត្រូវបានបិទ»៕
