ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ក្នុងអំឡុងពេលសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ India Today មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសឥណ្ឌា នាពេលខាងមុខថា ប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងញូវដែលី គឺពិតជាពិសេសណាស់។
លោក ពូទីន បានថ្លែងថា៖«យើងមានរឿងជាច្រើនដែលត្រូវពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារិនដ្រា ម៉ូឌី» «ពីព្រោះកិច្ចសហប្រតិបត្តិការរបស់យើងជាមួយឥណ្ឌា គឺទូលំទូលាយណាស់។ ខ្ញុំមិនសំដៅទៅលើប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃទំនាក់ទំនងរបស់យើងទេ ដោយសារប្រវត្តិសាស្ត្រនោះ គឺពិតជាពិសេស»។

លោកក៏បានបញ្ជាក់ពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលឥណ្ឌាសម្រេចបាន ចាប់តាំងពីទទួលបានឯករាជ្យកាលពី ៧៧ ឆ្នាំ កន្លងទៅ។ លោក ពូទីន បានសង្កត់ធ្ងន់ថា៖«ឥណ្ឌាបានរីកចម្រើនយ៉ាងខ្លាំង។ ពេលខ្លះ នៅពេលដែលយើងរស់នៅក្នុងបច្ចុប្បន្នកាល យើងមិនបានកត់សម្គាល់ឃើញពេញលេញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលកំពុងកើតឡើង នៅជុំវិញយើងនោះទេ។ ប៉ុន្តែប្រសិនបើយើងងាកមើលទៅក្រោយ យើងនឹងដឹងថា អ្វីដែលឥណ្ឌាសម្រេចបាន គឺពិតជាគួរឲ្យចាប់អារម្មណ៍»។ ជាឧទាហរណ៍ លោកបានចង្អុលបង្ហាញពីការកើនឡើងនៃអាយុកាលមធ្យម៖ «មានមនុស្សតិចណាស់ ប្រហែលជាគ្មាននរណាម្នាក់ក្នុងចំណោមអ្នកទេ ដឹងថាអាយុកាលមធ្យមនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងទ្វេដង ក្នុងរយៈពេលនេះ»។
លោក ពូទីនក៏ បានគូសបញ្ជាក់ពីការអភិវឌ្ឍចម្រុះនៃទំនាក់ទំនងរុស្ស៊ី-ឥណ្ឌា។ លោកបានលើកឡើងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលមានឱកាសជួបជាមួយលោកនាយករដ្ឋមន្ត្រី ម៉ូឌី»។ «ទំនាក់ទំនងរបស់យើងលាតសន្ធឹងហួសពីការទូតធម្មតាទៅទៀត គឺរួមទាំងរឿងផ្ទាល់ខ្លួនផងដែរ»៕
