ក្រុមនិស្សិតនាំគ្នាគប់ដុំថ្មនៅពីក្រោយខែលការពារ ហើយនគរបាលបានឆ្លើយតបវិញជាមួយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ពេលដែលក្រុមបាតុករប៉ះទង្គិចជាមួយក្រុមអនុវត្តច្បាប់ នៅសាកលវិទ្យាល័យ Cheikh Anta Diop របស់ប្រទេសសេណេហ្គាល់ ។
ក្រុមបាតុករនាំគ្នាទាមទារប្រាក់ឧបត្ថម្ភ និងជំនួយហិរញ្ញវត្ថុផ្សេងទៀត ប៉ុន្តែពួកគេប្រឈមនឹងរដ្ឋាភិបាលដែលកំពុងជួបបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ។
និស្សិតមួយរូបនៅសាកលវិទ្យាល័យ Cheikh Anta Diop និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេព្យាយាមចរចា ពេលដែលនគរបាលចូលមកធ្វើអន្តរាគមន៍ ។
ភាពរំជើបរំជួលនេះ បានកើតមានឡើង ស្របពេលដែលប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយនិងបន្ទុកបំណុលកើនឡើង ។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បាននិយាយថា បំណុលសាធារណៈស្មើនឹង ១៣២ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់សេណេហ្គាល់ ។
លោកនាយករដ្ឋមន្រ្តី Ousmane Sonko ដែលជាអតីតនិស្សិតនៅសាកលវិទ្យាល័យ Cheikh Anta Diop បានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងការអត់មានការងារធ្វើ អំពើពុករលួយ និងឥស្សរជននិយម ។
ប៉ុន្តែរូបលោក និងលោកប្រធានាធិបតី Bassirou Diomaye Faye បានប្រឈមនឹងការរិះគន់ពីគណបក្សប្រឆាំង ជុំវិញការដោះស្រាយបញ្ហាសង្គម និងបញ្ហាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលសេណេហ្គាល់ ៕
