នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅវិទ្យាល័យបឹងត្របែក ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អលើ របាយការណ៍គម្រោងផែនការមេ ដែលបានសហការគ្នាព្រាងដោយ ក្រុមការងារជំនាញមកពី អគ្គនាយកដ្ឋានកីឡា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នាយកដ្ឋានសំណង់ និងទ្រព្យសម្បត្តិរដ្ឋ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងកម្មវិធីសាលារៀនជំនាន់ថ្មី និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន។
បន្ទាប់ពីមតិសំណេះសំណាលពាក់ព័ន្ធនឹង របាយការណ៍វឌ្ឍនភាពការងារ នៃការរៀបចំផែនការអភិវឌ្ឍ ទស្សនទានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្លង់លម្អិត និងផែនការចំណាយរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនជូនក្រុមការងារដើម្បីអនុវត្តបន្ត រួមមាន៖
១. សូមពិភាក្សាគ្នាឱ្យលម្អិតបន្ថែមទៀត ដើម្បីរៀបចំផែនការអភិវឌ្ឍសាលារៀនបឹងត្របែកទាំងមូល ទាំងផ្នែករឹង និងផ្នែកទន់
២. លម្អិត និងពន្យល់ឱ្យច្បាស់ពីលទ្ធផលរំពឹងទុកដែលទទួលបាន ត្រូវឆ្លើយតបនឹងទំហំនៃការវិនិយោគ
៣. រៀបចំគម្រោងជាដំណាក់កាល សម្រាប់ផែនការអនុវត្តអំឡុង ៥ឆ្នាំ ទៅ១០ឆ្នាំ
៤. កំណត់អាទិភាពគម្រោង និងការងារចាំបាច់ដែលត្រូវចាប់ផ្តើមមុន ដើម្បីគាំទ្រដល់ការរៀន និងបង្រៀនសំដៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស
៥. សូមប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ដោយបែងចែកជាគម្រោងដែលត្រូវប្រើថវិកា និងគម្រោងដែលមិនចាំបាច់ប្រើថវិកាគាំទ្រ
៦. ពាក់ព័ន្ធនឹងការអនុវត្តសាកល្បងគន្លងអប់រំថ្មី សូមពិនិត្យមើលនិងកំណត់ឱ្យច្បាស់ពីគន្លងអប់រំដែលត្រូវផ្តោតអនុវត្ត។
សូមបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅវិទ្យាល័យបឹងត្របែក ត្រូវបានធ្វើឡើង ឆ្លើយតបនឹងបរិការណ៍ដែលកម្ពុជាត្រូវរៀបចំគន្លងអប់រំថ្មី ស្របតាម “អនុសាសន៍គន្លឹះ៨ចំណុច” ដូចជា៖ ១. មានទីធ្លាធំទូលាយ ហ៊ុមព័ទ្ធដោយប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ២. ពង្រឹងការប្រឡងមធ្យមសិក្សាបឋមភូមិ និងលក្ខណៈវិនិច្ឆ័យ ៣. កែប្រែទស្សនៈចំពោះការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ៤. ផ្សារភ្ជាប់កម្មវិធីសិក្សាទៅនឹងឧត្តមសិក្សា សាស្ត្រាចារ្យឧត្តមសិក្សា ជួយបង្រៀន សិស្សដែលរៀនពូកែបន្តទៅសាកលវិទ្យាល័យ ៥. បញ្ចូលយុទ្ធសាស្ត្របង្រៀន និងកម្មវិធីសាលារៀនជំនាន់ថ្មី ៦. សហការជាមួយគម្រោងកែលម្អកម្មវិធីអប់រំនានា ៧. បង្កើតភាពជាដៃគូជាមួយដៃគូអភិវឌ្ឍនានា ៨. បន្តសិក្សាបន្ថែមពីទីផ្សារការងារ និងជំនាញដែលមានតម្រូវការ៕








