ព្រិលធ្លាក់ខ្លាំង បានគ្របដណ្តប់ទីកន្លែងជាច្រើននៅតាមតំបន់ភ្នំក្នុងប្រទេសជប៉ុននាថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ ការធ្វើចរាចរណ៍តាមផ្លូវអាកាស និងបណ្តាលឲ្យកើតមានឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្ត ។

យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ជប៉ុន NTV បានឲ្យដឹងថា នៅខេត្ត Aomori ដែលមានព្រិលធ្លាក់កម្រាស់ ១៣សង់ទីម៉ែត្រ គិតត្រឹមវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍នេះ ជើងហោះហើរតភ្ជាប់ខេត្ត Aomori និងខេត្ត Hyogo ត្រូវបានលុបចោល ដោយសាររយៈចម្ងាយមើលឃើញពុំសូវច្បាស់ ។
ទូរទស្សន៍ NTV រាយការណ៍ថា រថភ្លើងក្នុងស្រុកនៅខេត្ត Aomori ត្រូវបានផ្អាកផងដែរ ដោយសារព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង ។
ក្រុមមន្រ្តីឧតុនិយម បានអំពាវនាវឲ្យអ្នកស្រុក បន្តប្រុងប្រយ័ត្នសម្រាប់ការអាក់ខាន់ចរាចរណ៍ ហើយនិងគ្រោះថ្នាក់ជាយថាហេតុផ្សេងទៀត បង្កឡើងដោយសារព្រិលធ្លាក់ខ្លាំង ៕
