បួគីណាហ្វាសូ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសាក្សីបានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងនៅជិតទីតាំងអាជីវកម្មរ៉ែមាសមួយកន្លែងនៅភាគនិរតីប្រទេសបួគីណាហ្វាសូ បណ្តាលមនុស្សយ៉ាងហោចណាស់ ៦៣នាក់ស្លាប់ និងជាង ១០០នាក់ផ្សេងទៀតរងរបួស។ វីដេអូបានបង្ហាញឲ្យឃើញសាកសពនៅលើដីគ្របក្រណាត់ និងផ្លាស្ទីកបន្ទាប់ពីការផ្ទុះ។ ប្រព័ន្ធផ្សព្វផ្សាយ RTB បានរាយការណ៍ថា ចំនួនអ្នកស្លាប់បណ្តោះអាសន្នត្រូវបានផ្តល់ដោយអាជ្ញាធរក្នុងតំបន់។

ការផ្ទុះនេះត្រូវបានគេជឿថា បណ្តាលមកពីសារធាតុគីមីប្រើសម្រាប់រក្សាគុណភាពមាស ដែលស្តុកទុកនៅទីតាំងនោះ។ បួគីណាហ្វាសូគឺជាប្រទេសផលិតមាសដែលរីកចម្រើនលឿនបំផុតនៅទ្វីបអាហ្វ្រិក ហើយបច្ចុប្បន្នជាប្រទេសធំជាងគេទី៥ នៅលើទ្វីបនេះដោយការនាំចេញមាសសំខាន់បំផុតរបស់ប្រទេស។ ឧស្សាហកម្មរ៉ែមាសបានជួលបុគ្គលិកប្រមាណ ១.៥លាននាក់ ហើយមានតម្លៃប្រហែល ២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។ យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខ មានមូលដ្ឋាននៅអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា មាសភាគច្រើនកំពុងត្រូវបាននាំទៅកាន់ប្រទេសជិតខាងដូចជាតូហ្គោ, បេណាំង, នីហ្សេរ និងហ្គាណា។
អណ្តូងរ៉ែខ្នាតតូចជាច្រើនត្រូវបានគេរាយការណ៍ថា ប្រើប្រាស់ដោយក្រុមជីហាដមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋឥស្លាមដែលបានធ្វើការវាយប្រហារនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៦។ ក្រុមនេះត្រូវបានគេរាយការណ៍ថា បានរៃអង្គាសប្រាក់ដោយការយកពន្ធលើអ្នករុករករ៉ែ ហើយថែមទាំងប្រើប្រាស់ទីតាំងអណ្តូងរ៉ែសម្រាប់ជ្រើសរើសអ្នកប្រយុទ្ធ និងស្វែងរកទីតាំងលាក់ខ្លួន៕
អត្ថបទ៖ ប៊ុនថន