កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី (JAF) បាននិយាយថា កាលពីថ្ងៃពុធ ប្រទេសនេះបានសម្របសម្រួលឲ្យកុមារប៉ាឡេស្ទីនចំនួន ១៤០នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ត្រឡប់ទៅតំបន់ហ្កាហ្សាវិញ តាម រយៈស្ពាន King Hussein Bridge បន្ទាប់ពីកុមារទាំងអស់ បានបញ្ចប់ការព្យាបាលនៅក្នុងមន្ទីរពេទ្យហ្ស៊កដានី។
របាយការណ៍វេជ្ជសាស្ត្រ បានឲ្យដឹងថា កុមារទាំងនោះ បានបញ្ចប់ដំណាក់កាលទាំងអស់នៃការព្យាបាល និងទទួលបានការថែទាំពេញលេញ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ សាច់ញាតិរបស់ពួកគេ ក៏ត្រូវបានផ្តល់កន្លែងស្នាក់នៅ និងសេវាកម្មគាំទ្រផងដែរ។

កុមារទាំងអស់ ត្រូវបានជម្លៀសទៅកាន់ប្រទេសហ្ស៊កដានី នៅដើមឆ្នាំ ២០២៥ ក្រោមច្រករបៀងវេជ្ជសាស្ត្រមនុស្សធម៌ហ្ស៊កដានី ជាកម្មវិធីមួយដែលដំណើរការដោយកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី(JAF) ដើម្បីនាំប្រជាជនហ្កាហ្សាដែលរងរបួស និងឈឺ ទៅកាន់ប្រទេសហ្ស៊កដានីសម្រាប់ការព្យាបាល។ ក្រោមគម្រោងនេះ អ្នកជំងឺត្រឡប់ទៅតំបន់ហ្កាហ្សាវិញ នៅពេលដែលការព្យាបាលរបស់ពួកគេ ត្រូវបានបញ្ចប់ ដែលអនុញ្ញាតឲ្យប្រទេសហ្ស៊កដានីទទួលយកករណីថ្មីៗទៀត។
កុមាររាប់រយនាក់នៅតំបន់ហ្កាហ្សានៅតែស្ថិតក្នុងប្រទេសហ្ស៊កដានី ដើម្បីទទួលការព្យាបាល បន្ទាប់ពីការចាប់ផ្តើមនៃការជម្លៀសអ្នកជំងឺ នៅដើមខែមីនា៕
