នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង បានមើលឃើញព្រិលធ្លាក់ជាលើកដំបូងក្នុងឆ្នាំ ២០២៥នេះ ដោយគ្របដណ្តប់ដងផ្លូវ ដើមឈើ អគារ ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ក្នុងស្ថានភាពអាកាសធាតុត្រជាក់មានខ្យល់បក់ខ្លាំង ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ដែលទីភ្នាក់ងាររ៉យទ័រពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះ ឃើញការធ្វើចរាចរណ៍យឺតៗ តាមដងផ្លូវឆ្លងកាត់សណ្ឋាគារប្រវត្តិសាស្រ្ត Ryugyong ហើយអ្នកដំណើរដើរតាមផ្លូវដែលគ្របដណ្តប់ដោយព្រិល ។
គ្មានការរំខានទាក់ទងនឹងអាកាសធាតុត្រូវបានរាយការណ៍ភ្លាមៗនោះទេ ។

ដោយឡែក នៅប្រទេសជប៉ុនវិញ ព្រិលធ្លាក់ខ្លាំង បានគ្របដណ្តប់ទីកន្លែងជាច្រើននៅតាមតំបន់ភ្នំនាថ្ងៃព្រហស្បតិ៍នេះ ធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ ការធ្វើចរាចរណ៍តាមផ្លូវអាកាស និងបណ្តាលឲ្យកើតមានឧបទ្ទេវហេតុគ្រោះថ្នាក់រថយន្ត ។
យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ជប៉ុន NTV បានឲ្យដឹងថា នៅខេត្ត Aomori ដែលមានព្រិលធ្លាក់កម្រាស់ ១៣សង់ទីម៉ែត្រ គិតត្រឹមវេលាម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍នេះ ជើងហោះហើរតភ្ជាប់ខេត្ត Aomori និងខេត្ត Hyogo ត្រូវបានលុបចោល ដោយសាររយៈចម្ងាយមើលឃើញពុំសូវច្បាស់ ៕
