នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពីធីបិទ “សិក្ខាសាលាបូកសរុបលទ្ធផល វាយតម្លៃ និងរៀបចំរបាយការណ៍អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសហព័ន្ធកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងកីឡាករ កីឡាការិនី។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកីឡា គណៈកម្មការរៀបចំ អង្គភាពពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ ដែលបានចូលរួម និងរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យតាមការគ្រោងទុក ដោយយោងតាមរបាយការណ៍របស់ ឯកឧត្តម អគ្គនាយកកីឡា បានបង្ហាញឱ្យឃើញថា កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ អង្គប្រជុំបានពិនិត្យ និងវាយតម្លៃការអនុវត្តការងារឆ្នាំសិក្សា២០២៤-២០២៥ កន្លងមកលើសមិទ្ធផលដែលសម្រេចបានតាមផែនការការងារសេសសល់ បញ្ហាប្រឈម សំណូមពរ និងវិធានការដោះស្រាយ ដើម្បីដាក់បញ្ចូលទៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៥-២០២៦ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នាខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងវិស័យកីឡាបន្តរួមមាន៖
- ត្រូវរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិត ទាំងកីឡាមហាជន កីឡាសិស្ស និងកីឡានិស្សិតឱ្យស្របតាមបរិបទតំបន់
- សិក្សា តាមដានអំពីប្រភេទកីឡាដែលមានសក្តានុពលពីបណ្តាប្រទេសអាស៊ាន ដោយផ្តល់អាទិភាពទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ
- ជំរុញក្នុងការបំពាក់សម្ភារហ្វឹកហាត់គ្រប់ប្រភេទ និងវិញ្ញាសាកីឡាអាទិភាព
- បន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិដែលមានសក្តានុពលនិងសកម្ម
- បំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី តាមរយៈការបញ្ចូលក្នុងការប្រកួតកីឡាជាតិ និងព្រឹត្តិការណ៍ផ្សេងៗ
- បន្តបណ្តុះបណ្តាលកីឡាករថ្នាល និងកីឡាករជម្រើសជាតិដោយមានការតាមដាន និងវាយតម្លៃបច្ចេកទេសឱ្យបានត្រឹមត្រូវ
- បន្តពង្រឹងការអប់រំកាយ និងកីឡាក្នុងសាលារៀនដោយយកចិត្តទុកដាក់លើការអនុវត្តម៉ោងអប់រំកាយ និងកីឡា ស្របតាមគោលការណ៍ណែនាំរបស់ក្រសួង
- ពង្រីកការអប់រំកាយ និងកីឡានៅក្រៅសាលារៀន ដោយយកចិត្តទុកដាក់លើការអភិវឌ្ឍទីលានកីឡា ការជំរុញការហាត់ប្រាណ ដើម្បីសុខភាព ការបង្កើតក្លឹប និងសមាគមកីឡានៅតាមរាជធានី ខេត្ត
- ស្នើឱ្យក្រុមកាងារនៃកិច្ចប្រជុំនេះ យកធាតុចូលដែលទទួលបានពីរាជធានី ខេត្ត និង សហព័ន្ធ កីឡាជាតិ ដាក់ចូលទៅក្នុងអង្គសន្និបាតអប់រំ យុវជន និងកីឡានាពេលខាងមុខ
- សហព័ន្ធកីឡាជាតិត្រូវពង្រឹងការអនុវត្តការងារទៅតាមកិច្ចសន្យាឱ្យបាន ត្រឹមត្រូវស្របតាម គោលការណ៍ណែនាំ និងនីតិវិធី ដើម្បីទទួលបានលទ្ធផលតាមការគ្រោងទុក
- ការិយាល័យកីឡារាជធានី ខេត្ត ត្រូវពង្រឹងការងារដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន
- មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវពង្រឹង និងពង្រីកសកម្មភាពកីឡាឱ្យបានខ្លាំងក្លា និងត្រូវរៀបចំឱ្យមានកញ្ចប់ថវិកា សម្រាប់សកម្មភាពកីឡា
- កិច្ចការសហប្រតិបត្តិការ និងការទំនាក់ទំនងរវាងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងសហព័ន្ធកីឡាជាតិជាកត្តាអភិវឌ្ឍវិស័យកីឡា។
សូមជម្រាបថា អង្គសិក្ខាសាលានេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលើរបាយការណ៍សមិទ្ធផលអនុវិស័យអប់រំកាយ និងកីឡា ដែលបានអនុវត្តក្នុងឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ ជាពិសេសផ្តល់ឱ្យកាសដល់រាជធានី-ខេត្ត និងសហព័ន្ធកីឡាជាតិ ផ្តល់ធាតុចូលនូវបញ្ហាប្រឈម និងសំណូមពរ ដើម្បីឱ្យរបាយការណ៍លទ្ធផល និងទិសដៅអនុវិស័យ បានពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងឯកភាពគ្នាដាក់ចូលក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាខែកុម្ភៈ ឆ្នាំ២០២៥ នាពេលខាងមុខ៕





