នៅថ្ងៃព្រហស្បតិ៍នេះ អង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយន័រវែស ដើម្បីបន្តទិញនាវាចម្បាំងអង់គ្លេសតម្លៃ ១៣ពាន់លានដុល្លារ នៅពេលមានការគំរាមកំហែងកើនឡើងពីរុស្ស៊ី ។
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានស្វាគមន៍សមភាគីន័រវែសលោក Jonas Gahr Store នៅវិមាន 10 Downing Street ស្របពេលដែលរដ្ឋមន្រ្តីការពារជាតិប្រទេសទាំង ២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ។

កងទ័ពជើងទឹក និងកងទ័ពអាកាសអង់គ្លេស តែងតែតាមដានការគំរាមកំហែងដែលអាចកើតមានចំពោះសន្តិសុខជាតិ ហើយបេសកកម្មតាមដាននាវា និងនាវាមុជទឹករុស្ស៊ីបែបនេះ បានកើតឡើងញឹកញាប់ជាងមុន ចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ។
អង់គ្លេសនិយាយថា មាននូវកំណើន ៣០ភាគរយនៃនាវារុស្ស៊ី ដែលគំរាមកំហែងដែនទឹកអង់គ្លេស ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ។
ក្រោមកិច្ចព្រមព្រៀងថ្មីនេះ ប្រទេសទាំង ២ បានឯកភាពថា កងទ័ពជើងទឹករបស់ពួកគេអាចប្រតិបត្តិការក្បែរគ្នា នៅសមុទ្រអាត្លង់ទិកខាងជើង ហើយនិងចែករំលែកទីតាំងថែទាំ បច្ចេកវិទ្យា និងសម្ភារៈ ៕
