សេចក្ដីប្រកាសផ្លូវការរបស់រដ្ឋាភិបាល បានឲ្យដឹងថា អ៊ីរ៉ាក់នឹងបង្កកមូលនិធិរបស់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ រួមមានក្រុមហេសបូឡារបស់ប្រទេសលីបង់ និងក្រុមហ៊ួទីរបស់យេម៉ែន។
ចំណាត់ការនេះទំនងជាត្រូវបានស្វាគមន៍ដោយទីក្រុងវ៉ាស៊ីនតោន ដែលបានប្រឹងប្រែងជាយូរមកហើយ ក្នុងការកាត់បន្ថយឥទ្ធិពលរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសផ្សេងទៀត នៅមជ្ឈិមតំបន់បូព៌ា ដែលទីក្រុងតេអេរ៉ង់មានសម្ព័ន្ធមិត្ត។

អ៊ីរ៉ង់ចាត់ទុកប្រទេសជិតខាង និងសម្ព័ន្ធមិត្តអ៊ីរ៉ាក់ថា មានសារៈសំខាន់ ដើម្បីបន្តជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ក្នុងពេលមានទណ្ឌកម្ម។ ប៉ុន្តែទីក្រុងបាកដាដ ដែលជាដៃគូទាំងជាមួយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានបញ្ហា នៅក្នុងគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលដាក់សម្ពាធលើទីក្រុងតេអេរ៉ង់។
អ៊ីរ៉ង់ប្រើប្រាស់ឥទ្ធិពលទាំងផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេសអ៊ីរ៉ាក់ តាមរយៈកងជីវពលស៊ីអ៊ីតដ៏មានឥទ្ធិពលរបស់ខ្លួន និងគណបក្សនយោបាយដែលខ្លួនគាំទ្រ នៅទីក្រុងបាកដាដ។
ប៉ុន្តែកាលពីឆ្នាំមុន ការបង្កើនសម្ពាធរបស់សហរដ្ឋអាមេរិកកើតឡើងនៅពេលដែលអ៊ីរ៉ង់ត្រូវបានធ្វើឲ្យចុះខ្សោយដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមតំណាងក្នុងតំបន់របស់ខ្លួន៕

