វាយកូនបាល់៖ ជើងឯក Grand Slam ២លើកកីឡាការិនីអេស្ប៉ាញ Gabine Muguruza បានគ្រងជើងឯកក្នុងក្របខណ្ឌ WTA ជាលើកដំបូងក្នុងរយៈពេលជិត ២ឆ្នាំក្រោយឈ្នះជើងឯកការប្រកួតកម្មវិធី Dubai Championship។

កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះបានយកឈ្នះកីឡាការិនីឆេក Barbora Krejcikova ដោយលទ្ធផលតានតឹងផងដែរនៅវគ្គផ្ដាច់ព្រ័ត្រ ៧-៦(៨-៦) និង ៦-៣។ រំលឹកថា Gabine Muguruza ឈ្នះជើងឯកក្នុងក្របខណ្ឌ WTA ចុងក្រោយបំផុតនៅទីក្រុង Monterrey កាលពីខែមេសា ឆ្នាំ២០១៩។ ងាកមកការប្រកួតកម្មវិធីផ្សេងទៀត ចុងសប្ដាហ៍កន្លងទៅផងដែរ កីឡាការិនីអេស្ប៉ាញម្នាក់ទៀត Sara Sorribes Tormo បានយកឈ្នះកីឡាការិនីកាណាដា Eugenie Bouchard នៅវគ្គផ្ដាច់ព្រ័ត្រលើកពាន Abierto Zapopan នៅប្រទេសម៉ិកស៊ិក។
នេះជាជើងឯកក្របខណ្ឌ WTA លើកដំបូងក្នុងអាជីពរបស់ Tormo ខណៈ Bouchard ខកខានឈ្នះជើងឯកតាំងពីឆ្នាំ២០១៤។ មួយកម្មវិធីទៀតផ្នែកបុរស ការប្រកួតកម្មវិធី Open 13 Provence កីឡាកររុស្ស៊ី Daniil Medvedev យកឈ្នះកីឡាករម្ចាស់ផ្ទះបារាំង Pierre-Hugues Herbert នៅវគ្គផ្ដាច់ព្រ័ត្រ។ ជ័យជំនះនេះធ្វើឲ្យ Medvedev ឡើងមកលេខ២ ពិភពលោកពីលើ Rafael Nadal និងពីក្រោយ Novak Djokovic៕
អត្ថបទ៖នាង សុភាវុធ