រដ្ឋមន្រ្តីក្រសួងថាមពលទួរគីលោក Alparslan Bayraktar និយាយថា ទួរគីបាននិយាយប្រាប់រុស្ស៊ី និងអ៊ុយក្រែនឲ្យរក្សារចនាសម្ព័ន្ធថាមពលឲ្យនៅក្រៅជម្លោះ ហើយមិនត្រូវធ្វើឲ្យអាក់ខានដល់លំហូរថាមពលនោះទេ ក្រោយការវាយប្រហារជាបន្តបន្ទាប់នៅជិតតំបន់ឆ្នេរសមុទ្រខ្មៅរបស់ទួរគី ។
អ៊ុយក្រែនដែលមានគោលដៅលើការនាំចេញប្រេងរុស្ស៊ី ស្របពេលដែលទីក្រុងមូស្គូ ទម្លាក់គ្រាប់បែកលើបណ្តាញថាមពលរដ្ឋរបស់ពួកគេនោះ នៅពីក្រោយការវាយប្រហារដោយយានដ្រូនតាមសមុទ្រលើនាវាដឹកប្រេងទទេរ ២គ្រឿង ធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែរុស្ស៊ី កាលពីសប្តាហ៍មុន ។

ប៉ុន្តែពួកគេបានច្រានចោលរាល់ការជាប់ពាក់ព័ន្ធណាមួយនឹងឧបទ្ទេវហេតុកាលពីថ្ងៃអង្គារ ដែលនាវាដោតទង់ជាតិរុស្ស៊ីមានផ្ទុកប្រេងផ្កាឈូករ័ត្ននិយាយថា ពួកគេបានរងការវាយប្រហារដោយយានដ្រូន ។
លោក Bayraktar និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកយើងនិយាយទៅកាន់ភាគីទាំងអស់ រុស្ស៊ី និងអ៊ុយក្រែន ត្រូវរក្សាហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្រៅសង្រ្គាមមួយនេះ ពីព្រោះថា វាទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕
