ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា កិច្ចប្រជុំកាលពីពេលថ្មីៗជាមួយក្រុមចរចាសហរដ្ឋអាមេរិកលើការបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន មានសារៈប្រយោជន៍ខ្លាំងណាស់ ខណៈពង្រឹងការទាមទារកម្រិតអតិបរមា និងការកំណត់ទឹកដីដែលអាចឆ្ពោះទៅរកដំណោះស្រាយ ។
មុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវដែល្លី នាថ្ងៃព្រហស្បតិ៍នេះ លោក Putin និយាយប្រាប់ទូរទស្សន៍ India Today TV ថា លោកមានគម្រោងដណ្តើមគ្រប់គ្រងតំបន់ភាគខាងកើត Donbas របស់អ៊ុយក្រែន ដោយប្រើកម្លាំង ដោយរូបលោកបញ្ជាក់ថា វិមានក្រឹមឡាំងរាយការណ៍ថា គ្មានមតិរួមណាមួយត្រូវបានឈានដល់នោះទេ នៅក្នុងកិច្ចប្រជុំថ្ងៃមុនជាមួយប្រេសិតសហរដ្ឋអាមេរិកលោក Steve Witkoff និងលោក Jared Kushner ។

លោក Putinនិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយដែលបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ Tass នៅថ្ងៃព្រហស្បតិ៍នេះថា ភាពតានតឹងអាចនឹងកាត់បន្ថយ ពួកយើងនឹងរំដោះទឹកដីទាំងនេះ ដោយប្រើកម្លាំង ឬទាហានអ៊ុយក្រែនចាកចេញពីទឹកដីទាំងនេះ និងបញ្ឈប់ការប្រយុទ្ធនៅទីនោះ ។
គួររំឭកថា លោក Putinបានបញ្ជូនទាហានរាប់ម៉ឺននាក់ ទៅកាន់អ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ក្រោយរយៈពេល ៨ឆ្នាំនៃការប្រយុទ្ធគ្នារវាងក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ី និងទាហានអ៊ុយក្រែននៅ Donbas ដែលមានតំបន់ Donetsk និងតំបន់ Luhansk ។
ការប្តេជ្ញាចិត្តថ្មីរបស់លោក Putin ក្នុងការដណ្តើមតំបន់មួយនេះ ហាក់ពន្លត់ការពោលអះអាងកាលពីមុនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា លោក Witkoff និងលោក Kushner គិតថា មេដឹកនាំរុស្ស៊ីចង់បញ្ចប់សង្រ្គាម ៕
