សភារបស់ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) បានបោះឆ្នោតគាំទ្រ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង លើការនាំចេញអាវុធ ជាចំណាត់ការមួយ ដែលមានគោលបំណងគាំទ្រដល់ឧស្សាហកម្មអាវុធក្នុងស្រុក ដោយមិនធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាពជាប្រពៃណីរបស់ប្រទេស។
នាពេលអនាគត ក្រុមហ៊ុនស្វីសនឹងត្រូវបានអនុញ្ញាតឲ្យនាំចេញអាវុធទៅកាន់ប្រទេសលោកខាងលិចចំនួន ២៥ ខណៈច្បាប់ដែលការតម្រូវឲ្យមានការយល់ព្រម សម្រាប់ការនាំចេញអាវុធឡើងវិញរបស់ស្វីស នឹងត្រូវបានសម្រាល។

បច្ចុប្បន្ននេះ ស្វីសមិនអនុញ្ញាតឲ្យនាំចេញអាវុធទេ ប្រសិនបើប្រទេសគោលដៅមានការពាក់ព័ន្ធ ក្នុងជម្លោះផ្ទៃក្នុង ឬអន្តរជាតិ ឬប្រសិនបើប្រទេសនោះរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ការនាំចេញអាវុធដោយផ្ទាល់ទៅកាន់អ៊ុយក្រែន នឹងនៅតែត្រូវបានហាមឃាត់ដដែល ក្រោមការកែប្រែច្បាប់នេះ។
សភាជាន់ខ្ពស់បានគាំទ្រការកែប្រែ ចំពោះច្បាប់គ្រប់គ្រងគ្រឿងយុទ្ធោបករណ៍ (War Materials Act) របស់ប្រទេសស្វីសនេះ ជាមួយសំឡេងឆ្នោត ៣១ ទល់នឹង ១២ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តដោយសភាជាន់ទាប កាលពីថ្ងៃអង្គារ។
ការសម្រេចនេះបានកើតឡើងបន្ទាប់ពីឧស្សាហកម្ម និងអ្នកនយោបាយ បានលើកឡើងពីក្ដីបារម្ភ អំពីការខូចខាតដែលបណ្តាលឲ្យវិស័យអាវុធរបស់ស្វីសដែលកំពុងបាត់បង់ការបញ្ជាទិញ នៅបរទេស ដោយសារតែការរឹតបន្តឹង៕
