ចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) បានប្រកាសដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ក្នុងនោះរួមទាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា GRU ទាំងមូល ដែលត្រូវបានបង្ហាញនៅក្នុងការស៊ើបអង្កេតជាសាធារណៈរបស់ចក្រភពអង់គ្លេស ចំពោះការស្លាប់របស់ស្ត្រីម្នាក់ ដែលត្រូវបានបំពុលដោយសារធាតុវាយប្រហារប្រព័ន្ធប្រសាទ Novichok ក្នុងឆ្នាំ២០១៨។
រដ្ឋាភិបាលក៏បានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីទាមទារឲ្យមានការឆ្លើយតប ចំពោះការរកឃើញនៃការស៊ើបអង្កេត និងអំពីអ្វីដែលខ្លួនចាត់ទុកថា ជា «យុទ្ធនាការបន្តសកម្មភាពអរិភាព« របស់ទីក្រុងមូស្គូប្រឆាំងនឹងប្រទេសអង់គ្លេស។ ស្ថានទូតរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញវិធានការនេះ។

ការស៊ើបអង្កេតបានសន្និដ្ឋានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ច្បាស់ជាបានបញ្ជាឲ្យបំពុលដោយសារធាតុវាយប្រហារប្រព័ន្ធប្រសាទ លើភ្នាក់ងារចារកម្មរុស្ស៊ី លោក Sergei Skripal ក្នុងឆ្នាំ២០១៨ ជាឧប្បត្តិហេតុដែលនាំឲ្យមានការស្លាប់ស្ត្រីស្លូតត្រង់ម្នាក់ឈ្មោះ Dawn Sturgess។
លោកនាយករដ្ឋមន្ត្រី Keir Starmer បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា៖ «ការរកឃើញនៅថ្ងៃនេះ គឺជាការរំលឹកដ៏ធ្ងន់ធ្ងរនៃការមិនយកចិត្តទុកដាក់របស់វិមានក្រឹមឡាំង ចំពោះជីវិតរបស់អ្នកដែលគ្មានកំហុស»។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ទណ្ឌកម្មលើមន្ត្រីរបស់ GRU ៣នាក់ទៀត ដែលខ្លួនបានប្រាប់ថា ត្រូវទទួលខុសត្រូវចំពោះការរៀបចំសកម្មភាពអរិភាព នៅក្នុងប្រទេសអ៊ុយក្រែន និងទូទាំងទ្វីបអឺរ៉ុប ក្នុងនោះរួមទាំងគម្រោងធ្វើការវាយប្រហារភេរវកម្មលើផ្សារទំនើបរបស់អ៊ុយក្រែន ដែលដាក់គោលដៅលើជនស៊ីវិលស្លូតត្រង់ផងដែរ៕

