សារព័ត៌មានរដ្ឋស៊ីរី SANA រាយការណ៍ថា គណៈប្រតិភូក្រុមប្រឹក្សាអង្គការសហប្រជាជាតិ(UNSC)បានធ្វើដំណើរទៅដល់ប្រទេសស៊ីរី សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងពុំធ្លាប់មានទៅកាន់ប្រទេសមួយនេះ ពោលគឺរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយប្រទេសហែកហួរដោយសារភ្លើងសង្រ្គាមមួយនេះ ប្រារព្ធខួប ១ឆ្នាំនៃការផ្តួលរំលំរបបរបស់អតីតប្រធានាធិបតី Bashar al-Assad ។
សារព័ត៌មាន SANAរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូ UNSC ធ្វើដំណើរទៅដល់តាមច្រកព្រំដែន Jdeidet Yabous រវាងប្រទេសលីបង់ និងស៊ីរី ហើយគ្រោងនឹងជួបជាមួយក្រុមមន្រ្តីស៊ីរីជាច្រើនរូប ហើយនិងសមាជិកក្រុមសង្គមស៊ីវិល ។ ភ្លាមៗ ក្រោយពេលទៅដល់ ពួកគេបានធ្វើដំណើរទៅកាន់តំបន់ជាយក្រុងរងការខូចខាតធ្ងន់ធ្ងរ Jobar ស្ថិតក្នុងទីក្រុងដាម៉ាស ។
ក្រុមមន្រ្តីការទូតទាំងនេះ នឹងជួបក្រុមអាជ្ញាធរថ្មីរបស់ស៊ីរី រួមទាំងលោកប្រធានាធិបតី Ahmed al-Sharaa មុនពេលធ្វើដំណើរទៅកាន់ប្រទេសលីបង់ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។
កាលពីពេលកន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ UN បានដកទណ្ឌកម្មប្រឆាំងនឹងលោក al-Sharaa គឺជាអតីតយុទ្ធជនក្រុមឧទ្ទាម ដែលកងកម្លាំងរបស់លោក បើកការវាយប្រហារលឿនដូចផ្លេកបន្ទោរ ដើម្បីទម្លាក់អំណាចរបស់លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំមុន ៕