ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តការប្រមូលចំណូលមានលក្ខណៈល្អប្រសើរ និងអាចឈានទៅសម្រេបានតាមផែនការ ដោយសារសេដ្ឋកិច្ចគ្រប់ប្រភេទទាំងអស់ត្រូវបានបើកឡើងវិញ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅក្នុងពិធីបើកសម្ពោធអគារការិយាល័យ និងឃ្លាំងអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ កម្ពុជារងនូវការប៉ះពាល់ខ្លាំង ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចបិទស្ទើគ្រប់កន្លែង ប៉ុន្តែការប្រមូលចំណូលពន្ធនៅក្នុងឆ្នាំ ២០២១ បានអនុវត្តន៍ល្អប្រសើរ សម្រេចបានប្រមាណជាង ១២៤ភាគរយ នៃផែនការច្បាប់។ ចំពោះការឈានទៅសម្រេចលើសផែនការចំណូលពន្ធនេះ អគ្គនាកយដ្ឋានពន្ធដារ បានរៀបចំនូវប្រព័ន្ធប្រព័ន្ធគ្រប់គ្រង់ និងបានដាក់លិខិតប្រកាសអនឡាញ E-Filling, ការដាក់លិខិតប្រកាសតាមប្រព័ន្ធអេឡិចត្រូនិច និងការបង់ពន្ធតាមអេឡិចត្រូនិច E-payment ជាដើម ដែលផ្តល់លទ្ធភាពដល់អ្នកជាប់ពន្ធ បង់ពន្ធបានយ៉ាងស្រួល។
ឯកឧត្តមបន្តឲ្យដឹងថា នៅក្នុងខែ មករា ឆ្នាំ ២០២២ នេះ អគ្គនាយកដ្ឋានអនុវត្តន៍ការប្រមូលចំណូលបានប្រមាណ ២៨៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥៥ លានដុល្លារអាមេរិក បើធៀបទៅច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ។
ឯកឧត្តមមានសុទិដ្ឋិនិយមថា នៅក្នុងឆ្នាំ ២០២២ នេះ ការប្រមូលចំណូលផ្ទៃក្នុង របស់អគ្គនាយកដ្ឋានពន្ធដារ នឹងមានលក្ខណៈល្អប្រសើរ ហើយនឹងអាចឈានសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាល គ្រោងបង្កើនចំណូលចរន្តថ្នាក់ជាតិក្នុងរង្វង់ប្រមាណជាង ២២ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ១៨ភាគរយ នៃផ.ស.ស កើនឡើងជាង ១២ភាគរយ បើធៀបទៅច្បាប់ថវិការឆ្នាំ ២០២១។
ក្នុងនោះចំណូលពន្ធដារ ត្រូវបានគ្រោងប្រមាណជិត ១០ ពាន់ប៊ីលានរៀល ត្រូវជិត ៨ភាគរយ នៃផ.ស.ស បានលើកឡើងជាង ២២ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី