ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅ។ ការចាក់វ៉ាក់សាំង គឺដើម្បីបង្កើតអង់ទីគ័រ ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។
អាណាព្យាលបាល រស់នៅរាជធានីភ្នំពេញ បាននាំកូនទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែកុម្ភៈ នេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីកូនៗចាក់វ៉ាក់សាំងរួច ជួយបង្កើនទំនុកចិត្ត ជាងមុន ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ជាពិសេសបច្ចុប្បន្នមេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍។ តែបើទោះចាក់វ៉ាក់សាំងរួច ពួកគេនៅបន្តយកចិត្តទុកដាក់ចំពោះកូន ដោយប្រកាន់ភ្ជាប់វិធានការសុខាភិបាល និងវិធានការ៣កុំ ៣ការពារ។
ក្រៅពីនេះ ពួកគេបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។
សម្រាប់អាណាព្យាបាល ដែលនាំកុមារទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ នៅទីតាំងសុខាភិបាល សាធារណៈ ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ត្រូវភ្ជាប់ទៅជាមួយនូវឯកសារ ដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងចំពោះកូនចៅមន្រ្តីរាជការ ថ្នាក់ជាតិវិញ ត្រូវភ្ជាប់ឯកសារទៅជាមួយ ដូចជាប័ណ្ណសំគាល់ខ្លួនមន្រ្តីរាជការ ឬប័ណ្ណសម្គាល់មន្រ្តីជាប់កិច្ចសន្យា។
បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៣លានដូស រាប់បញ្ចូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕អត្ថបទ៖ សោភ័ណ






