ភាពវឹកវរ បានកើតឡើងនៅអាកាសយានដ្ឋានរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំបំផុត IndiGo របស់ប្រទេស បានលុបចោលជើងហោះហើរជាង១.២០០វ៉ុល ដែលបានធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ជាប់គាំង។ ក្រុមហ៊ុនបានស្តីបន្ទោសការរំខាននេះ ទៅលើ «បញ្ហាប្រឈមផ្នែកប្រតិបត្តិការដែលមិននឹកស្មានដល់» រួមមានបញ្ហាបច្ចេកទេស ស្ថានភាពអាកាសធាតុមិនអំណោយផល និងច្បាប់ថ្មីសម្រាប់បុគ្គលិក។

អង្គការឃ្លាំមើលអាកាសចរណ៍របស់ប្រទេសឥណ្ឌា បានបង្គាប់ឱ្យមានការស៊ើបអង្កេត និងទាមទារឱ្យ ក្រុមហ៊ុនអាកាសចរណ៍ IndiGo ឆ្លើយតបទៅនឹងផែនការដើម្បីបន្ធូរបន្ថយការរំខានដែលនៅតែបន្តកើតមានចាប់តាំងពីថ្ងៃចន្ទមក។ អ្នកដំណើរបានបង្ហាញការខឹងសម្បាររបស់ពួកគេតាមអ៊ីនធឺណិត ដោយអ្នកប្រើប្រាស់អាកាសយានដ្ឋានម្នាក់នៅលើបណ្តាញ X បានពិពណ៌នាថាជា «ភាពវឹកវរទាំងស្រុង» ដោយការពន្យារពេលរហូតដល់៨ម៉ោង ហើយ «គ្មានបុគ្គលិក» នៅកន្លែងដើម្បីជួយ។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុន IndiGo ប្រហែល១.២៣២វ៉ុល ត្រូវបានលុបចោល ហើយចំនួននៃការពន្យារពេលមិនច្បាស់លាស់។ ក្រុមហ៊ុន IndiGo បាននិយាយថា ក្រុមហ៊ុនកំពុងផ្តល់ជូនអតិថិជននូវការរៀបចំការធ្វើដំណើរជំនួស និងការសងប្រាក់វិញ ខណៈកំពុងស្តារសេវាកម្មរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុនបានទទួលស្គាល់ថា ប្រតិបត្តិការ «ដែលរំខានយ៉ាងខ្លាំង» របស់ក្រុមហ៊ុនគឺដោយសារតែច្បាប់បញ្ជីឈ្មោះក្រុមយានិកថ្មី មាន «ផលប៉ះពាល់អវិជ្ជមាន»។ ច្បាប់ទាំងនេះបានចូលជាធរមានកាលពីខែមុន ហើយមានគោលបំណងផ្តល់ឱ្យអាកាសយានិកនិងក្រុមយានិក នូវពេលសម្រាកបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពដល់អ្នកដំណើរ។