អាជ្ញាធរ និងស្ថាប័នផ្គត់ផ្គង់ថាមពលអ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៤ ធ្នូ) ថា ប្រជាជនរាប់ម៉ឺននាក់ពុំមានចរន្តអគ្គិសនី និងថាមពលកម្ដៅប្រើប្រាស់នោះទេ នៅភាគខាងត្បូងអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី លើទីក្រុង Kherson និងក្រុងកំពង់ផែធំបំផុតរបស់អ៊ុយក្រែនគឺក្រុង Odesa។

រុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើវិស័យថាមពល និងសេវាប្រើប្រាស់របស់អ៊ុយក្រែន ក្នុងពេលរដូវរងាខិតមកដល់ ដែលធ្វើឱ្យទីក្រុងនិងតំបន់ជាច្រើនរបស់អ៊ុយក្រែន ធ្លាក់ក្នុងភាពងងឹត។

ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋ Naftogaz បាននិយាយថា រោងចក្រថាមពលកម្ដៅ និងអគ្គិសនីមួយនៅក្រុង Kherson ភាគខាងត្បូង "រងការបំផ្លាញស្ទើរទាំងស្រុង"។ អភិបាលក្រុង លោក Oleksandr Prokudin និយាយថា ការវាយប្រហារនេះធ្វើឱ្យមនុស្សជាង ៤ម៉ឺននាក់ គ្មានកម្ដៅប្រើប្រាស់។ គួរឱ្យដឹងថា ទីក្រុង Kherson រងការវាយប្រហារពីមីស៊ីល ដ្រូន និងកាំភ្លើងធំរបស់រុស្ស៊ី ស្ទើរតែរាល់ថ្ងៃ។
ដោយឡែក ក្រុមហ៊ុនថាមពលអ៊ុយក្រែន DTEK បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដដែលថា រុស្ស៊ីបានវាយប្រហាររោងចក្រថាមពលរបស់ខ្លួននៅតំបន់ Odesa ភាគខាងត្បូង ពេញមួយយប់ ដែលធ្វើឱ្យលំនៅឋានអ្នកស្រុកជិត ៥២.០០០គ្រួសារ ពុំមានអគ្គិសនីប្រើប្រាស់។ នៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនវិញ ក្រសួងថាមពលអ៊ុយក្រែននិយាយថា ការវាយប្រហារបានធ្វើឱ្យប្រជាជនប្រហែល ៦ម៉ឺននាក់ គ្មានអគ្គិសនីប្រើប្រាស់៕
