ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រជែងទៅនឹងសម្ពាធរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង លើប្រទេសឥណ្ឌាដែលមិនឱ្យទិញឥន្ធនៈរបស់រុស្ស៊ី ខណៈលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ជាកន្លែងដែលលោកត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅពេលទៅដល់។

លោកPutin បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឥណ្ឌា India Today ដែលបានចាក់ផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីចុះចតនៅទីក្រុងញូវដែលីសម្រាប់ដំណើរទស្សនកិច្ច ក្នុងអំឡុងពេលដែលប្រទេសទាំងពីរកំពុងស្វែងរកការជំរុញពាណិជ្ជកម្មទៅវិញទៅមក និងពង្រីកភាពចម្រុះនៃប្រតិបត្តិការទំនិញ។

ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកPutin ទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេលបួនឆ្នាំមកនេះ មានគោលបំណងបង្កើនការលក់ប្រេង ប្រព័ន្ធមីស៊ីល និងយន្តហោះចម្បាំងរបស់រុស្ស៊ី និងពង្រីកទំនាក់ទំនងអាជីវកម្មលើសពីវិស័យថាមពលនិងឧបករណ៍ការពារជាតិ ក្នុងពេលមានសម្ពាធរបស់សហរដ្ឋអាមេរិកលើប្រទេសឥណ្ឌាឱ្យចៀសពីទីក្រុងមូស្គូ ជុំវិញការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែន។
ទីក្រុងញូវដែលី និងទីក្រុងមូស្គូ មានទំនាក់ទំនងរឹងមាំតាំងពីសម័យសហភាពសូវៀត ហើយរុស្ស៊ីគឺជាប្រភពអាវុធដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌាជាច្រើនទសវត្សរ៍មកហើយ ហើយឥណ្ឌាក៏ជាអ្នកទិញប្រេងរបស់រុស្ស៊ីដ៏កំពូលមួយ ទោះបីជាមានទណ្ឌកម្មពីប្រទេសលោកខាងលិចដែលត្រូវបានដាក់បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមការឈ្លានពានលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ក៏ដោយ។