ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងបើកកិច្ចពិភាក្សាកំពូលជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងទីក្រុងញូវដែលី នៅថ្ងៃសុក្រ ទី៥ ខែធ្នូ នេះ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មជាមួយអ្នកទិញអាវុធនិងប្រេងសមុទ្រធំជាងគេរបស់រុស្ស៊ី ស្របពេលទណ្ឌកម្មរបស់លោកខាងលិច ដែលបានធ្វើឱ្យទំនាក់ទំនងអាយុកាលរាប់ទសវត្សរ៍ កើនឡើងកាន់តែខ្លាំង។

លោក Putin កំពុងបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ឥណ្ឌា ក្នុងរយៈពេល ៤ឆ្នាំ ក្នុងពេលដែលទីក្រុងញូវដែលី កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាត់បន្ថយពន្ធដ៏ច្រើន ដែលដាក់ដោយលោកប្រធានាធិបតី Donald Trump ជុំវិញការទិញប្រេងពីរុស្ស៊ី។
ទីក្រុងមូស្គូ គឺជាអ្នកផ្គត់ផ្គង់អាវុធចម្បងរបស់ឥណ្ឌា អស់ជាច្រើនទសវត្សរ៍មកហើយ ហើយបាននិយាយថា ខ្លួនចង់នាំចូលទំនិញពីឥណ្ឌាបន្ថែមទៀត ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្កើនពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ ចាប់តាំងពីបណ្តាប្រទេសអ៊ឺរ៉ុប ដាក់ទណ្ឌកម្ម និងកាត់បន្ថយការពឹងផ្អែកលើថាមពលរុស្ស៊ីមក ឥណ្ឌាបានបង្កើនការទិញប្រេងឆៅពីទីក្រុងមូស្គូ។
ក្រៅពីបញ្ហានេះ ក្រុមមន្រ្តីនិយាយថា លោក Modi និងលោក Putin ក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីប្រធានបទផ្សេងទៀតផងដែរ រួមទាំងវិស័យការងារ និងថាមពលនុយក្លេអ៊ែរស៊ីវិល ដោយភាគីទាំងពីររំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងថ្មីៗ ដើម្បីបង្ហាញពីភាពធន់នៃទំនាក់ទំនងរបស់ខ្លួន៕

