ការកើនឡើងនៃអំពើហិង្សារបស់អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ខ្លួនកាន់កាប់ West Bank គឺជាបញ្ហាដដែលៗក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទោះបីជាបញ្ហានេះត្រូវបានគេមើលរំលងជាញឹកញាប់ស្របពេលសង្គ្រាមដ៏សាហាវនៅហ្កាហ្សាក៏ដោយ។ ប៉ុន្តែការកើនឡើងជាប្រវត្តិសាស្ត្រនៃការវាយប្រហាររបស់អ្នកតាំងលំនៅអ៊ីស្រាអែលក្នុងសប្តាហ៍ថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមមេដឹកនាំពិភពលោក ហើយមានក្ដីបារម្ភកាន់តែខ្លាំងថា ស្ថានភាពនេះអាចធ្វើឱ្យខូចដល់ដំណើរការសន្តិភាពដ៏ទន់ខ្សោយរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា ដែលស្ថិតនៅក្រោមផែនការ២០ ចំណុចរបស់ប្រធានាធិបតីអាមេរិក Donald Trump។

យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនជាង ១.០០០នាក់បានរងរបួសក្នុងការវាយប្រហាររបស់អ្នកតាំងលំនៅរហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥នេះ លើស២ដងនៃចំនួនអ្នករងរបួសក្នុងឆ្នាំ ២០២៤ នេះបើយោងតាមអង្គការសហប្រជាជាតិ។ នៅក្នុងខែតុលាតែមួយ មានការវាយប្រហាររបស់អ្នកតាំងលំនៅចំនួន ២៦៤លើក លើប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតទ្រព្យសម្បត្តិ។តួលេខនោះគឺជាចំនួនខ្ពស់បំផុតប្រចាំខែចាប់តាំងពីមន្ត្រីបានចាប់ផ្តើមកត់ត្រាឧបទ្ទវហេតុបែបនេះក្នុងឆ្នាំ ២០០៦។
លោក Dan Shapiro អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល បាននិយាយថា ខណៈរដ្ឋបាលលោក Trump កំពុងធ្វើការដើម្បីជំរុញផែនការសន្តិភាពហ្កាហ្សាទៅដំណាក់កាលបន្ទាប់ ដែលប្រឈមនឹងឧបសគ្គធំៗរួចទៅហើយ អំពើហិង្សារបស់អ្នកតាំងលំនៅនៅតំបន់ West Bank បង្កជាការគំរាមកំហែងដ៏ធំ ដល់ដំណើរការនេះ ជាពិសេសទាក់ទងនឹងការបង្កើនការគាំទ្រ និងការចូលរួមក្នុងតំបន់៕


