ការវាយឆ្មក់របស់អ៊ីស្រាអែល បានវាយប្រហារទៅលើភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ខណៈយោធារបស់ប្រទេសនេះបាននិយាយថា ខ្លួនកំពុងវាយប្រហារលើទីតាំងផ្ទុកអាវុធរបស់ក្រុមហេសបូឡា មួយថ្ងៃបន្ទាប់ពីអ្នកតំណាងស៊ីវិលរបស់ប្រទេសលីបង់និងអ៊ីស្រាអែល បានជួបចរចាគ្នាដោយផ្ទាល់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលត្រូវបានគេសន្មត់ថានឹងបញ្ចប់អរិភាពជាងមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើប្រទេសលីបង់ និងបានរក្សាកងទ័ពនៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់ចំនួន៥កន្លែងដែលខ្លួនបានចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្រ។

កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួន «បានចាប់ផ្តើមវាយប្រហារលើគោលដៅភេរវករក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់» បន្ទាប់ពីបានព្រមានថា ខ្លួននឹងវាយប្រហារអគារនានានៅតំបន់ Mahrouna និង Jbaa ប្រទេសលីបង់ភាគខាងត្បូង។ ក្រោយមក បានចេញការព្រមានថា ខ្លួននឹងវាយប្រហារបន្ថែមទៀតទៅលើ «ហេដ្ឋារចនាសម្ព័ន្ធយោធា» របស់ក្រុមហេសបូឡានៅក្រុង Majadal និង Baraasheet ដែលស្ថិតនៅភាគខាងត្បូងលីបង់ផងដែរ។