ប្រធានទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានចេញការព្រមានថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ (៤ ធ្នូ) អំពីប្រទេសស៊ូដង់ ដោយនិយាយថា លោកភ័យខ្លាចថាអាចមាន "រលកថ្មីនៃអំពើឃោរឃៅ" ស្របពេលការប្រយុទ្ធកើនឡើងកាន់តែខ្លាំងក្លានៅក្នុងតំបន់ Kordofan ។

ប្រធានសិទ្ធិមនុស្សរបស់ UN លោក Volker Türk បានជំរុញ "រដ្ឋទាំងអស់ដែលមានឥទ្ធិពលលើភាគីពាក់ព័ន្ធនៅស៊ូដង់ ឱ្យចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការប្រយុទ្ធ និងបញ្ឈប់លំហូរអាវុធ ដែលជំរុញឱ្យមានជម្លោះដ៏បង្ហូរឈាមនេះ"។
កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ឬគេស្គាល់ថា RSF កំពុងតែធ្វើសង្រ្គាមទល់នឹងយោធាស៊ូដង់ អស់រយៈពេលជាង ២ឆ្នាំមកហើយ ហើយថ្មីៗនេះ ការប្រយុទ្ធបានផ្ដោតទៅកាន់តំបន់ Kordofan ដែលសម្បូរទៅដោយប្រេង បន្ទាប់ពីក្រុមយោធាប៉ារ៉ា RSF បានកាន់កាប់ក្រុង Al-Fasher នៅតំបន់ Darfur ។
យោងតាមអង្គការសហប្រជាជាតិ ជម្លោះនៅស៊ូដង់ បានសម្លាប់មនុស្សយ៉ាងតិច ៤ម៉ឺននាក់ ប៉ុន្តែក្រុមសិទ្ធិមនុស្សមួយចំនួននិយាយថា តួលេខអ្នកស្លាប់ពិតប្រាកដអាចកើនឡើងច្រើនជាងនេះគួរឱ្យកត់សម្គាល់ ខណៈជម្លោះក៏បានបង្កើតវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ជាមួយនឹងមនុស្សជាង ១៤លាននាក់ បានរត់ភៀសខ្លួនពីអំពើហិង្សា៕

