ព្រះសីហនុ៖ រាជរដ្ឋាភិបាល នឹងរៀបចំផែនការអភិវឌ្ឍអគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ តាមរយៈនៃទាក់ទាញអ្នកវិនិយោគដែលសាងសង់អគារខ្ពស់ៗ ឬការលក់ឲ្យអ្នកផ្សេងៗ ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារខ្ពស់ៗនៅខេត្តព្រះសីហនុ មួយចំនួនបានផ្អាក និងបានទុកចោល បន្ទាប់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ បានផ្ទុះឡើង។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២២ នាចុងសប្តាហ៍កន្លងមកនេះថា ជុំវិញការអភិវឌ្ឍខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានកំពុងរៀបចំផែនការមេ ក្នុងការជំរុញអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដែលកិច្ចការនៃការរៀបចំនេះត្រូវការរយៈពេលវែង ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្រ្ត។
ឯកឧត្តម បន្តថា ទាក់ទងវិស័យសំណង់នៅខេត្តព្រះសីហនុនេះ ចំពោះអគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍនោះ បន្ទាប់ពីផ្ទុះឡើងនៃវិបត្តិជម្ងឺកូវីដ ១៩ នេះ ដែលកិច្ចអភិវឌ្ឍន៍ទាំងអស់នេះ គឺទាក់ទងតម្រូវការ នៃការទាក់ទាញអ្នកវិនិយោគលើអគារខ្ពស់ៗ មកវិនិយោគបន្ត ឬលក់ទៅឲ្យអ្នកផ្សេង ដែលមានគម្រោងវិនិយោគលើផ្នែកនេះ ជំរុញអភិវឌ្ឍន៍អគារខ្ពស់ៗ បញ្ចប់ការសាងសង់ មានប្រតិបត្តិការ និងដំណើរឡើងវិញ។
សូមបញ្ជាក់ថា៖ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ រាជរដ្ឋាភិបាល ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ជាមួយ វិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីទាញយកសក្តានុពលអភិវឌ្ឍយ៉ាងច្រើន ដែលខេត្តព្រះសីហនុមានស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក នឹងចាប់យកកាលានុវត្តថ្មីៗបន្ថែម។
ចំពោះសក្តានុពល, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា "ក្បាលម៉ាស៊ីន"មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ៕ អត្ថបទ៖ សុន រ៉ាឌី

