រំលេងតែ ១ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យ សម្រាប់ខួប ៣០ឆ្នាំ នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយការបំបែកកំណត់ត្រាអ្នកចូលរួមថ្មីរហូតដល់ ១៦,០០០នាក់។
តាមរយៈតួរលេខអ្នកចូលរួមដ៏ច្រើននេះ បានធ្វើឲ្យគណៈកម្មការរៀបចំ ពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាដៃគូសហការ និងប្រជាពលរដ្ឋ មានមោទនភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ លើទឹកដីអច្ឆរិយអង្គរនេះ។
ជាមួយគ្នាតំណាងក្រុមហ៊ុនភេសជ្ជៈ វី-អាកទីវ ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍នេះ ក៏បានសម្ដែងនូវមោទនភាព និងរីករាយផងដែរ ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មី ដោយមានអ្នកចូលរួមរហូតដល់ ១៦,០០០នាក់នេះ ហើយក្រុមហ៊ុនក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការផ្ដល់នូវភេសជ្ជៈកីឡា ដោយឥតគិតថ្លៃ ដល់អ្នកចូលរួមរត់ទាំងអស់ ។ ហេតុនេះ សម្រាប់អត្តពលិកជាតិ-អន្ដរជាតិទាំងអស់ អាចស្វែងរកស្ដង់ វី-អាកទីវ ដើម្បីទទួលយកភេសជ្ជៈ ដែលអាចបំពេញជាតិទឹកឲ្យបានគ្រប់គ្រាន់អំឡុងពេលរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេស សម្រាប់ខួបលើកទី៣០ នៃការបង្កើតទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ហើយក៏ជាមោទនភាពដ៏អស្ចារ្យផងដែរ ដែលមានអ្នកចុះឈ្មោះយ៉ាងច្រើនសរុបចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេសលើពិភពលោក ដែលបានបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍ និងសុខសន្ដិភាពពេញលេញនៅកម្ពុជា ។
ព្រឹត្តិការណ៍នេះ មាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលគ្រោងនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា






