កីឡាករអង់គ្លេស Lando Norris របស់ McLaren កីឡាករហូឡង់ Max Verstappen របស់ Red Bull និងកីឡាករអូស្រ្តាលី Oscar Piastri របស់ McLaren នឹងមានតែម្នាក់ប៉ុណ្ណោះជាជើងឯក F1 ពិភពលោកដែលនឹងរកឃើញនៅទីលានចុងក្រោយទីក្រុង Abu Dhabi អារ៉ាប់រួមចុងសប្តាហ៍នេះ។
ជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំដែលមានកីឡាករលើសពី ២ នាក់ប្រជែងជើងឯកនៅទីលានចុងក្រោយបែបនេះ ពោលគឺចុងក្រោយបំផុតនៅឆ្នាំ ២០១០ ដែលមានកីឡាករបួនរូបប្រជែងគ្នានៅទីលានចុងក្រោយបែបនេះ។
Abu Dhabi ក៏នឹងរំលឹកពីអនុស្សាវរីយ៍ត្រចះត្រចង់របស់ Max Verstappen ដែលបានប្រជែងឈ្នះ Lewis Hamilton នៅទីលានចុងក្រោយដើម្បីឈ្នះជើងឯកពិភពលោកលើកដំបូង។
តាំងពី Formula One ពិភពលោកចាប់ផ្តើមពីឆ្នាំ ១៩៥០ អ្នកនាំមុខគេក្នុងតារាងជើងឯកពិភពលោកតែងតែឈ្នះជើងឯកនៅពេលប្រជែងនៅទីលានចុងក្រោយលើកលែងតែ ៩ លើក។
ឆ្នាំ ២០១០ Sebastian Vettel ជាកីឡាករចុងក្រោយបំផុតដែលតាមពីក្រោយ Fernando Alonso ១៥ ពិន្ទុ និងឈ្នះជើងឯកដំបូងរបស់ខ្លួនដោយឈ្នះទីលានចុងក្រោយ។
មុនឈានដល់ទីលានចុងក្រោយនេះ Lando Norris កំពុងមាន ៤០៨ ពិន្ទុ Max Verstappen ៣៩៦ ពិន្ទុ និង Oscar Piastri ៣៩២ ពិន្ទុ។
លទ្ធភាពដែល Norris ឈ្នះជើងឯកត្រូវ៖
- បញ្ចប់នៅលើវេទិកាកិត្តិយស
- បានលេខ ៥ រឺលេខ ៦ ហើយ Verstappen មិនឈ្នះការប្រណាំង
- បានលេខ ៦ រឺ លេខ ៧ ហើយ Verstappen រឺ Piastri មិនឈ្នះការប្រណាំង
- បានលេខ ៨ ហើយ Verstappen មិនឈ្នះ រឺលេខពីរ ហើយ Piastri មិនឈ្នះ
- បានលេខ ៩ ហើយ Verstappen មិនស្ថិតលើវេទិកាកិត្តិយស ហើយ Piastri មិនឈ្នះ
លទ្ធភាពដែល Max Verstappen ឈ្នះជើងឯកត្រូវ៖
- ឈ្នះការប្រណាំង ហើយ Norris មិនស្ថិតលើវេទិកាកិត្តិយស
- បានលេខ ២ ហើយ Norris ខ្ពស់ជាងលេខ ៨ ខណៈ Piastri មិនឈ្នះ
- បានលេខ ៣ ហើយ Norris បានលេខ ៩ រឺខ្ពស់ជាងនេះ ខណៈ Piastri មិនឈ្នះ
លទ្ធភាពដែល Piastri ឈ្នះជើងឯកត្រូវ៖
- ឈ្នះការប្រណាំង ហើយ Norris មិនស្ថិតក្នុង Top5
- បានលេខ ២ ហើយ Norris បានលេខ ១០ យ៉ាងទាប ខណៈ Verstappen មិនឈ្នះ
អត្ថបទ៖នាង សុភាវុធ


