FIFA កំពុងថ្លឹងថ្លែងលើការដាក់បញ្ចូលបច្ចេកវិទ្យាអាជ្ញាកណ្តាលថ្មី និងច្បាប់រឹត បន្តឹងការខ្ជះខ្ជាយពេលវេលាដ៏តឹងរ៉ឹងនៅ World Cup ឆ្នាំ ២០២៦ ឆ្នាំក្រោយ នេះបើតាមមន្ត្រីជាន់ខ្ពស់ FIFA លើកឡើងនៅមុនថ្ងៃនៃការចាប់ឆ្នោត World Cup។
លោក Johannes Holzmueller នាយកផ្នែកនវានុវត្តន៍របស់ FIFA បាននិយាយថា ស្ថាប័នគ្រប់គ្រងចង់ពង្រីកការប្រើប្រាស់ប្រព័ន្ធកាមេរ៉ានៅលើខ្លួនអាជ្ញាកណ្តាល និងកំណែទម្រង់កម្រិតខ្ពស់នៃប្រព័ន្ធចាប់បាល់ជំហរក្រៅល្បែង (Off-Side)ពាក់កណ្តាលស្វ័យប្រវត្តិ ដែលទាំងពីរត្រូវបានសាកល្បងនៅ Club World Cup កន្លងមក។
លោក Holzmueller បាននិយាយថា FIFA ក៏បានអភិវឌ្ឍបច្ចេកវិទ្យា (Off-Side)ពាក់កណ្តាលស្វ័យប្រវត្តិរបស់ខ្លួនដោយស្ងាត់ស្ងៀមនៅក្នុង Club World Cup ដោយការផ្ញើការជូនដំណឹង(Off-Side)ដោយផ្ទាល់ទៅកាន់ជំនួយការអាជ្ញាកណ្តាល ជំនួសឱ្យការផ្តល់ជូនព័ត៌មានទៅកាន់ (VAR) ដើម្បីកាត់បន្ថយការប្រើប្រាស់ពេលវេលា។
លោកបានច្រានចោលគំនិតដែលថាបច្ចេកវិទ្យាកំពុងបង្កើតកំណែថ្មីនៃកីឡា ដោយលើកហេតុផលថាវាជំនួសមកវិញនូវលំហូរប្រពៃណីរបស់ហ្គេម។
លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA បាននិយាយថា ការផ្លាស់ប្តូរទៅលើរយៈពេលដែលអ្នកចាំទីអាចកាន់បាល់បាន ដែលប្រកាសដោយ IFAB កាលពីខែមីនាកន្លងទៅ គឺមានបំណងបង្កើនល្បឿននៃការលេង បន្ទាប់ពី FIFA បានរកឃើញអ្នកចាំទីខ្លះចំណាយពេលដល់ទៅ 25 វិនាទី។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងចាប់ឆ្នោតបែងចែកពូលផ្លូវការនៅព្រឹកថ្ងៃសុក្រស្អែកនេះនៅរដ្ឋធានី Washington D.C សហរដ្ឋអាមេរិក៕ អត្ថបទ៖នាង សុភាវុធ