យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន បានសម្លាប់ជនសកម្មប្រយុទ្ធហាម៉ាសប្រហែល ៤០ នាក់ ដែលជាប់នៅក្នុងផ្លូវរូងក្រោមដីខាងក្រោមទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលជាតំបន់មួយដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា យុទ្ធជនហាម៉ាសប្រហែល ២០០ នាក់ ត្រូវបានជាប់នៅក្នុងផ្លូវរូងក្រោមដី អស់រយៈពេលជាច្រើនខែ ទោះបីជាអ្នកខ្លះ បានលេចចេញមក និងត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល ឬបានចុះចាញ់ក៏ដោយ។ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ទីក្រុងវ៉ាស៊ីនតោន និងអ្នកសម្របសម្រួលផ្សេងទៀត បានស្វះស្វែងរកការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់យុទ្ធជនហាម៉ាស ដើម្បីទម្លាក់អាវុធរបស់ពួកគេ ជាថ្នូរនឹងការឆ្លងកាត់ទៅកាន់ផ្នែកផ្សេងទៀតនៃតំបន់នោះ ប៉ុន្តែការចរចាទាំងនោះ ត្រូវបានបរាជ័យ។
លោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងជាការសាកល្បងសម្រាប់ដំណើរការទូលំទូលាយជាងមុន ដើម្បីដកហូតអាវុធពីក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់រួមមានមេបញ្ជាការក្នុងតំបន់យ៉ាងហោចណាស់ បីនាក់ និងកូនប្រុសរបស់មេដឹកនាំម្នាក់របស់ក្រុមហាម៉ាស ដែលនិរទេសខ្លួន គឺលោក Ghazi Hamad។
ប្រភពព័ត៌មានមួយចំនួនរបស់ក្រុមហាម៉ាសបានអះអាងពីការស្លាប់របស់មេបញ្ជាការយ៉ាងហោចណាស់ម្នាក់គឺលោក Mohammad Al-Bawab ទោះបីជាក្រុមនេះមិនទាន់បានបញ្ជាក់ជាផ្លូវការអំពីរបាយការណ៍នេះក៏ដោយ៕