ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានអំពាវនាវឲ្យមានការប្រកួតប្រជែងសកលនាពេលអនាគតរបស់អឺរ៉ុប នៅក្នុងពិធីជប់លៀងទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកបានបញ្ចប់ថ្ងៃទី២នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក នៅចក្រភពអង់គ្លេស។

ថ្លែងទៅកាន់ភ្ញៀវនៅក្នុងសាលប្រវត្តិសាស្ត្រ Guildhall នៅក្នុងសង្កាត់ហិរញ្ញវត្ថុនៃរដ្ឋធានីអង់គ្លេស លោក Steinmeier បានជំរុញឲ្យទ្វីបអឺរ៉ុបទទួលយកនូវអ្វីដែលហៅថា «ស្មារតី»ច្នៃប្រឌិតមួយចំនួនរបស់ទីក្រុងឡុងដ៍ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច។
ប្រមុខរដ្ឋអាល្លឺម៉ង់ អមដោយភរិយារបស់លោក គឺលោកស្រី Elke Budenbender បានថ្លែងប្រាប់ក្រុម មេដឹកនាំធុរៈកិច្ចនិងអ្នកដទៃទៀតថា៖«នាពេលអនាគត យើងជាជនជាតិអឺរ៉ុប អាចរ៉ឹងមាំបាន លុះត្រាតែយើងកំណត់ឡើងវិញនូវតួនាទីរបស់យើង និងបង្កើតទំនុកចិត្តលើខ្លួនឯង»។

ដោយសរសើរពី«ធនធាន ទេពកោសល្យ ហេដ្ឋារចនាសម្ព័ន្ធ...ភាពប្រាកដប្រជាផ្នែកច្បាប់» របស់អឺរ៉ុប លោកបានជំរុញឲ្យទ្វីបអឺរ៉ុប «ចាប់យកសេដ្ឋកិច្ចឌីជីថល» និងស្តារជំនឿលើខ្លួនឯងឡើងវិញ ដោយទទូចថា ទីក្រុងឡុងដ៍ «អាចបង្ហាញយើងពីរបៀបធ្វើវាបាន!»។
លោក Steinmeier ដែលតួនាទីរបស់លោក ភាគច្រើនជាពិធីការ កំពុងធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេល បីថ្ងៃទៅកាន់ចក្រភពអង់គ្លេស ជាលើកដំបូងដោយប្រធានាធិបតីអាល្លឺម៉ង់ ក្នុងរយៈពេល ២៧ឆ្នាំ។
លោក Steinmeier ដែលជារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅពេលដែលការធ្វើប្រជាមតិអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ក្នុងឆ្នាំ ២០១៦ បានកើតឡើង និងជាអ្នករិះគន់ការសម្រេចចិត្តរបស់ជនជាតិអង់គ្លេស ក្នុងការចាកចេញពី EU បានឱបក្រសោបទំនាក់ទំនងដ៏កក់ក្តៅរវាងទីក្រុងឡុងដ៍ និងរដ្ឋធានី អឺរ៉ុប៕