ប្រទេសអេស្ប៉ាញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៤ ជាមួយម៉ារ៉ុកនៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃព្រហស្បតិ៍ ដោយពង្រឹងទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយប្រទេសជិតខាង អាហ្វ្រិកខាងជើង។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានទទួលជួបពិភាក្សាជាមួយសមភាគីម៉ារ៉ុករបស់លោក គឺលោក Aziz Akhannouch នៅទីក្រុងម៉ាឌ្រីដ មុនពេលធ្វើជាអធិបតីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៤។

កិច្ចព្រមព្រៀងទាំងនេះ រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ កីឡា កសិកម្ម ការនេសាទ និងគ្រោះមហន្តរាយធម្មជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Sanchez។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា សេចក្តីថ្លែងការណ៍រួមមួយ បានបញ្ជាក់ជាថ្មីនូវ «បំណងប្រាថ្នារបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងការសន្ទនានយោបាយ»។
លោក Sanchez ក៏បានជំរុញឲ្យប្រទេសទាំងពីរសម្រេចបាននូវ «ឱកាសសេដ្ឋកិច្ច វប្បធម៌ និងសង្គម» ដែលត្រូវផ្តល់ឲ្យដោយព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ដែលអេស្ប៉ាញ និងម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយប្រទេសព័រទុយហ្គាល់។
សេចក្តីថ្លែងការណ៍នេះ មិនបាននិយាយអំពីតំបន់សាហារ៉ាខាងលិចទេ។ ប្រទេសម៉ារ៉ុក កំពុងស្វែងរកការគ្រប់គ្រងដែនអាកាសរបស់ខ្លួន ដែលត្រូវគ្រប់គ្រងដោយប្រទេសអេស្ប៉ាញពីប្រជុំកោះអាត្លង់ទិកនៃកោះ Canary៕