លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ India Today ថា សហរដ្ឋអាមេរិកបន្តទិញប្រេងឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ី ប៉ុន្តែជឿជាក់ថា ពុំមានហេតុផលជាក់លាក់ណាមួយ ដែលឥណ្ឌាមិនអាចទិញធនធានថាមពលរបស់រុស្ស៊ីបានទេ។

លោក ពូទីន បាននិយាយថា៖«ចំពោះការទិញរបស់ឥណ្ឌា ឬការទិញធនធានថាមពលពីរុស្ស៊ី ជាការប្រសើរណាស់ ខ្ញុំចង់កត់សម្គាល់ ហើយបានលើកឡើងជាសាធារណៈម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកខ្លួនឯង នៅតែទិញប្រេងឥន្ធនៈនុយក្លេអ៊ែរពីយើងសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួន។ នេះក៏ជាប្រេងឥន្ធនៈ ដែលជាសារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រ ដែលកំពុងដំណើរការនៅសហរដ្ឋអាមេរិក»។

មេដឹកនាំរុស្ស៊ីរូបនេះ បានបន្ថែមថា៖«ប្រសិនបើសហរដ្ឋអាមេរិក មានសិទ្ធិទិញប្រេងឥន្ធនៈរបស់យើង ហេតុអ្វីបានជាឥណ្ឌាមិនគួរមានសិទ្ធិដូចគ្នា? បញ្ហានេះសមនឹងទទួលបានការពិនិត្យយ៉ាងហ្មត់ចត់ ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីរឿងនេះ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ»៕