សហរដ្ឋអាមេរិក៖ ដោយមានការព្រួយបារម្ភចំពោះបទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការដាក់ពង្រាយកងទ័ពទៅកាន់តំបន់ផ្ដាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន មេដឹកនាំពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីកំណត់នូវការឆ្លើយតបតាមដែលអាចធ្វើទៅបានក្នុងក្តីសង្ឃឹមថា នឹងអាចបញ្ចៀសសង្គ្រាមនៅអឺរ៉ុប។

ដោយសេតវិមានបានចាត់ទុកការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនថា ជាការឈ្លានពាន វាត្រូវបានគេរំពឹងថាធ្វើឡើងជាមួយនឹងទណ្ឌកម្មតឹងរ៉ឹង។ ប្រធានាធិបតីលោក Joe Biden បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមានបំណងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងទូលំទូលាយ មិនមែនកងទ័ពអាមេរិកវាយប្រហាររុស្ស៊ីនោះទេ ជុំវិញទង្វើរបស់ប្រធានាធិបតីលោក Vladimir Putin លើការឈ្លានពានប្រទេសអ៊ុយក្រែន។ លោក Biden បានបញ្ជាឱ្យដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ របស់សហរដ្ឋអាមេរិកទៅលើធនាគារ និងមន្ត្រីរុស្ស៊ីកាលពីថ្ងៃអង្គារ ដោយបង្កើនការប្រឈមមុខដាក់គ្នារបស់ប្រទេសលោកខាងលិចជាមួយទីក្រុងមូស្គូ។
លោក Biden នៅក្នុងសុន្ទរកថាពីសេតវិមានបានចោទប្រកាន់លោក Putin ពីបទបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ នៅក្នុងអ្វីដែលលោកចាត់ទុកថា ជាការចាប់ផ្តើមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានសន្យាថានឹងមានការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើលោក Putin បន្តទៅមុខទៀត។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានចូលរួមជាមួយសមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេសដែលបានព្រមព្រៀងកាលពីថ្ងៃអង្គារ ដើម្បីដាក់ទណ្ឌកម្មដំបូងរបស់ពួកគេដែលផ្តោតលើមន្ត្រីរុស្ស៊ី ជុំវិញសកម្មភាពនៅអ៊ុយក្រែន។ វាបានក្លាយជាគោលដៅសំខាន់មួយ ខណៈរដ្ឋាភិបាលប្រទេសលោកខាងលិចព្យាយាមប្រើឥទ្ធិពលលើប្រទេសរុស្ស៊ី ដើម្បីរារាំងសកម្មភាពយោធាទៅលើប្រទេសជិតខាងរបស់ខ្លួន៕
អត្ថបទ៖ ប៊ុនថន