អនុរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Igor Sekreta កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យសហគមន៍អន្តរជាតិស្តារឡើងវិញនូវការទំនាក់ទំនងពេញលេញ ដើម្បីដោះស្រាយជម្លោះសកល និងសម្រេចបាននូវការបន្ធូរបន្ថយភាពតានតឹងថ្មីមួយ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅទីក្រុង វីយែន ប្រទេសអូទ្រីស លោក Sekreta បាននិយាយថា ការសន្ទនាដោយផ្ទាល់ គឺជាមូលដ្ឋានគ្រឹះនៃការដោះស្រាយជម្លោះ។
លោកបានថ្លែងថា៖ «សព្វថ្ងៃនេះ ពិតជាការសំខាន់ណាស់ក្នុងការទទួលស្គាល់អ្វីដែលជាក់ស្តែង៖ ដើម្បីបញ្ចប់ជម្លោះ និងសម្រេចបាននូវការបន្ធូរបន្ថយភាពតានតឹងថ្មីមួយ ហើយចាំបាច់ត្រូវស្តារឡើងវិញនូវការទំនាក់ទំនងអន្តរជាតិពេញលេញជាមុនសិន និងពុំមានមធ្យោបាយណាក្រៅពីនេះទេ»។

ដោយទទួលស្គាល់ថា រដ្ឋាភិបាលនានាប្រហែលជាមិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាកម្រិតខ្ពស់នៅឡើយទេ លោក Sekreta បានស្នើឲ្យមានការចូលរួមជាមួយអ្នកវិភាគ អ្នកសិក្សា និងអ្នកជំនាញ ដើម្បីចាប់ផ្តើមដំណើរការសន្ទនា។
លោកបានផ្តល់ប្រទេសបេឡារុសជាទីកន្លែងអព្យាក្រឹតសម្រាប់ការពិភាក្សាបែបនេះ ដោយបានបញ្ជាក់ពី តួនាទីជាក់ស្តែងនៃសន្និសីទអន្តរជាតិទីក្រុងមីនស្ក៍ស្តីពីសន្តិសុខអឺរ៉ុបអាស៊ី ជាវេទិកាសម្រាប់ទស្សនៈចម្រុះនិងជួនកាលផ្ទុយគ្នា៕