ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ឥណ្ឌា ក្នុងសប្ដាហ៍នេះ ជាការបញ្ជាក់ពីភាពជាដៃគូរវាងទីក្រុងមូស្គូ និងទីក្រុងញូវដែលី ដែលបានឆ្លងកាត់អស់រយៈពេលជិត ៨ទសវត្សរ៍នៃចលាចលភូមិសាស្ត្រនយោបាយ។ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ DW និយាយថា ដំណើរលើកដំបូងក្នុងពេល ៤ឆ្នាំរបស់មេដឹកនាំរុស្ស៊ីរូបនេះ ក៏ជាសាកល្បងដ៏សំខាន់សម្រាប់ឥណ្ឌា នៅក្នុងកិច្ចប្រឹងប្រែងរក្សាតុល្យភាពជាមួយសហរដ្ឋអាមេរិក។

រុស្ស៊ី និងឥណ្ឌាបានផ្ដល់សញ្ញាថា ពួកគេចង់ពង្រឹង "ភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ" ដែលជាការកំណត់ផ្លូវការសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ ក្នុងឆ្នាំ២០១០ និង "ផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោកដែលមានផលប្រយោជន៍ទៅវិញទៅមក" នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា។
ដំណើរទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលទីក្រុងញូវដែលី កំពុងពិភាក្សាជាមួយអាមេរិក ដើម្បីកាត់បន្ថយពន្ធដ៏ច្រើន ដែលដាក់ដោយលោកប្រធានាធិបតី Donald Trump ជុំវិញការទិញប្រេងពីរុស្ស៊ី។
ឥណ្ឌាជាអ្នកទិញអាវុធរុស្ស៊ី ធំបំផុតជាអន្តរជាតិ ហើយឥឡូវនេះ រុស្ស៊ី ក៏កំពុងផ្គត់ផ្គង់ជាង ៣៥% នៃការនាំចូលប្រេងឆៅឥណ្ឌា ធៀបនឹងជិត ២% មុនសង្រ្គាមអ៊ុយក្រែន។ យ៉ាងណាមិញ ក្រុមហ៊ុនចារកម្មដែនសមុទ្រ Kpler បានឱ្យដឹងថា វិធានការពន្ធថ្មីៗរបស់អាមេរិក បានជំរុញឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ពង្រីកជម្រើសនៃអ្នកផ្គត់ផ្គង់របស់ពួកគេ៕


