វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ៣ ពិភពលោក Alexander Zverev បានយកឈ្នះកីឡាករ Jensen Brooksby លទ្ធផល ២-១ សិតនៅការប្រកួតកម្មវិធី Mexican Open នៅលើទឹកដីម៉ិកស៊ិកជុំទី១ និងជាការប្រកួតដែលបញ្ចប់យឺតបំផុតក្នុងប្រវត្តិសាស្ត្រវាយកូនបាល់ផងដែរ។

អ្នកការពារជើងឯកសញ្ជាតិអាល្លឺម៉ង់ Zverev បានយកឈ្នះដោយលទ្ធផល ២-១សិត ៣-៦, ៧-៦(១២-១០) និង ៦-២ ដែលការប្រកួតនេះបានបញ្ចប់នៅវេលាម៉ោង ៤:៥៥នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ការប្រកួតនេះចំណាយពេលដល់ទៅ ៣ម៉ោង ២០នាទី តែមូលហេតុដែលយឺតដល់ថ្នាក់នេះគឺបញ្ហាអាកាសធាតុក្ដៅនៅម៉ិកស៊ិក ដែលរាល់ការប្រកួតក្នុងកម្មវិធីទាំងអស់ត្រូវចាប់ផ្ដើមពីម៉ោង ៦ល្ងាចតទៅ ខុសពីកម្មវិធីផ្សេងដែលចាប់ផ្តើមតាំងពីព្រឹក។ រំលឹកថា កំណត់ត្រាចាស់ការប្រកួតដែលបញ្ចប់យឺតបំផុតនោះគឺនៅម៉ោង ៤:៣៤នាទីព្រឹករវាង Lleyton Hewitt និង Marcos Baghdatis នៅ Australian Open ឆ្នាំ២០០៨៕
អត្ថបទ៖នាង សុភាវុធ