សារព័ត៌មានរដ្ឋរាយការណ៍នៅថ្ងៃសុក្រនេះថា ភ្លៀងធ្លាក់ខ្លាំងនៅវៀតណាម បង្កជាទឹកជំនន់ដែលបានសម្លាប់មនុស្ស ២នាក់ និងបណ្តាលឲ្យកើតមានបំណាក់ដីរាប់សិបកន្លែង ជាអ្វីដែលក្រុមអាជ្ញាធរចាត់ទុកថាជាឆ្នាំខុសប្រក្រតីបំផុតនៃគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ ។
នៅភាគកណ្តាលប៉ែកខាងត្បូងវៀតណាម រងការវាយប្រហារដោយទឹកភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋរាប់ម៉ឺនខ្នង នៅតាមគោលដៅទេសចរណ៍តំបន់ឆ្នេរដ៏ពេញនិយម និងបណ្តាលឲ្យមានបំណាក់ដីស្លាប់មនុស្សនៅតាមតំបន់ភ្នំ ។

សារព័ត៌មាន Voice of Vietnam រាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នងនៅខេត្ត Lam Dong ។
សេចក្តីរាយការណ៍បន្តថា បំណាក់ដី ១៦កន្លែង បានវាយប្រហារខេត្តមួយនេះ ធ្វើឲ្យខូចខាតផ្លូវថ្នល់ និងស្ពាន ហើយនិងបង្ខំឲ្យមានការជម្លៀសខ្លួនពលរដ្ឋចេញពីផ្ទះសម្បែងរាប់រយខ្នង ។
អ្នកស្រី Pham Thi Ngoc Yen គឺជាពលរដ្ឋមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ទឹកជំនន់កម្ពស់ ២ម៉ែត្រ នៅតែកើតមាននៅឃុំ Ham Thang ស្ថិតក្នុងខេត្ត Lam Dong នាថ្ងៃសុក្រនេះ ខណៈក្រុមអាជ្ញាធរជិះទូកចែកចាយចំណីអាហារ និងទឹកផឹក។
អ្នកស្រីបន្តថា ខេត្តរបស់ពួកយើងតែងតែសុវត្ថិភាពពីទឹកជំនន់ និងព្យុះទីហ្វុង ប៉ុន្តែឆ្នាំនេះ វាពិតជាចម្លែកខ្លាំងណាស់ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបរិស្ថានវៀតណាម បានឲ្យដឹងថា ព្យុះសរុបចំនួន ២១ រួមទាំងព្យុះទីហ្វុងចំនួន ១៥ និងព្យុះត្រូពិកចំនួន ៦ បានវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ ដែលជាចំនួនព្យុះខ្ពស់បំផុតជាប់កំណត់ត្រា ដែលបានចាប់ផ្តើមកត់ត្រាកាលពីឆ្នាំ ១៩៦១ ៕
