តំណាងរបស់ជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានដាក់ការឆ្លើយតបបដិសេធ ចំពោះលិខិតចុងក្រោយរបស់ចិន នៅ UN ខណៈដែលជម្លោះ រវាងប្រទេសទាំង២ ជុំវិញការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ នៅតែបន្តមានកម្ដៅដដែល។
ដោយសំដៅលើលិខិតដែលប្រទេសចិនបានដាក់កាលពីថ្ងៃទី១ ខែធ្នូ ដែលបានចោទប្រកាន់ជប៉ុនថា បានរំលោភលើតម្លៃរបស់ UN និងបង្កហេតុជាមួយចិន ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅ UN លោក Kazuyuki Yamazaki បានសរសេរថា៖ «ការអះអាងដែលមាននៅក្នុងនោះ គឺមិនស្របនឹងការពិត គ្មានភស្តុតាង និងមិនអាចទទួលយកបានឡើយ»។

នៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការ UN នោះ លោក Antonio Guterres លោក Yamazaki បានសរសេរបញ្ជាក់ថា៖ «ប្រទេសជប៉ុនបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិសេរី និងបើកចំហដែលគាំទ្រដោយនីតិរដ្ឋ»។
គួរបញ្ជាក់ថា ការឆ្លើយតបបដិសេធនេះមានឡើងក្រោយចិនដាក់លិខិតតវ៉ាផ្លូវការទី២ របស់ខ្លួនទៅកាន់ UN ពាក់ព័ន្ធនឹងជប៉ុន បន្ទាប់ពីលោកស្រី Takaichi បាននិយាយថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចមានន័យថា ជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន ដែលជាការបង្ហាញយ៉ាងមានប្រសិទ្ធភាពថា ទីក្រុងតូក្យូអាចដាក់ពង្រាយយោធារបស់ខ្លួន ជាមួយប្រទេសផ្សេងទៀត នៅក្នុងសេណារីយោនោះ។ ចាប់តាំងពីពេលនោះមក ទីក្រុងតូក្យូ និងប៉េកាំង បានជាប់នៅក្នុងជម្លោះ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច៕
