ចិន៖ ប្រមុខការទូតចិនលោក Wang Yi បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទព្យាយាមទប់ទល់នឹងប្រទេសចិន ជាជាងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ និងបាននិយាយថា អាមេរិកកំពុងប្រើប្រាស់កោះតៃវ៉ាន់ទប់ទល់នឹងចិន ខណៈលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រមុខការទូតអាមេរិកលោក Antony Blinken។
ការអត្ថាធិប្បាយធ្វើឡើងដោយលោក Wang អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Blinken កាលពីថ្ងៃអង្គារបានផ្ដល់សញ្ញាចុងក្រោយបំផុតថា ក្រុងប៉េកាំងចង់ឲ្យក្រុងវ៉ាស៊ីនតោនផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិន មុនពេលស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីគឺជារបៀបវារៈសំខាន់បំផុត ខណៈដែលលោក Blinken សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពរបស់ខ្លួន ហើយលោក Wang បាននិយាយថា គ្រប់ភាគីទាំងអស់គួរតែធ្វើការសម្រេចចិត្ត និងដោះស្រាយវិបត្តិតាមរយៈការសន្ទនា។
ប្រទេសចិនបានជំរុញដល់ភាគីអាមេរិកឲ្យចាត់វិធានការម៉ឺងម៉ាត់ ដើម្បីគោរពដល់ការតាំងចិត្តនានាធ្វើឡើងដោយលោកប្រធានាធិបតី Joe Biden ជាជាងនិយាយតែពីរឿងខ្វែងគំនិតគ្នា។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិនក៏បាននិយាយផងដែរថា លោក Blinken បានអបអរសាទរដល់ក្រុងប៉េកាំងក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ទោះបីក្រុងវ៉ាស៊ីនតោនធ្វើពហិការការទូតមិនចូលរួមក្នុងព្រឹត្តិការណ៍នេះក៏ដោយ៕
អត្ថបទ៖ សុខមាន