ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូបដិសេធការចោទប្រកាន់របស់ចក្រភពអង់គ្លេសដែលថា រុស្ស៊ីជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុឆ្នាំ ២០១៨ នៅទីក្រុង Salisbury ជាកន្លែងដែលអាជ្ញាធរអង់គ្លេសអះអាងថា មានការប៉ុនប៉ងធ្វើឃាតលើអតីតចារកម្មយោធារុស្ស៊ីលោកវរសេនីយ៍ឯក Sergey Skripal បានកើតឡើង។
សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«របាយការណ៍ចុងក្រោយស្តីពីលទ្ធផលនៃការស៊ើបអង្កេតជាសាធារណៈលើការស្លាប់របស់ពលរដ្ឋអង់គ្លេសអ្នកស្រី Dawn Sturgess ដែលចេញផ្សាយកាលពីថ្ងៃទី ០៤ ខែធ្នូ បានស្តីបន្ទោសប្រទេសរបស់យើងម្តងទៀតចំពោះការបង្កហេតុដោយប្រើប្រាស់សារធាតុគីមីនៅទីក្រុងSalisbury។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Andrey Kelin បានទៅជួបក្រសួងការបរទេសអង់គ្លេស ដោយបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ ដែលជាពិសេសមានបំណងប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីតែម្តង»។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា៖«នៅតែមិនទាន់មានចម្លើយច្បាស់លាស់ចំពោះសំណួរសំខាន់ៗទាក់ទងនឹងករណីរបស់លោក Sergey Skripal»។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«សំណួរមួយ គឺថាតើលោក Sergey Skripal និងកូនស្រីរបស់ខ្លួន នាង Yulia Skripal នៅឯណាឥឡូវនេះ និងស្ថានភាពរបស់ពួកគេបែបណានោះ?។ យើងបានស្នើសុំព័ត៌មានម្តងទៀតលើបញ្ហានេះ និងបានស្នើសុំស្ថានទូត ចូលទៅជួបពលរដ្ឋនៃប្រទេសយើង»៕
