កោះកុង៖ ដីចំណីមាត់ព្រែក និងព្រៃកោងកាងដែលសម្បត្តិរដ្ឋនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា កំពុងត្រូវបានក្រុមជនខិលខូចអាងទឹកលុយ ហ៊ានលួចចាក់អាចម៍ដីបំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គ្មានកោតខ្លាចអាជ្ញាធរស្រុកខេត្តឡើយ។
លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមីនា ២០២១ ក្រោយចុះពិនិត្យវាស់វែងតាមលក្ខណៈបច្ចេកទេសលើទីតាំងដែលគេបំពានថា ពិតជាមានលួចចាក់អាចម៍ដីចូលមាត់ព្រែកព្រៃកោងកាងប្រាកដមែន ដោយអាជ្ញាធរស្រុក និងក្រុមមន្រ្តីជំនាញពាក់ព័ន្ធធ្វើកំណត់ជាក់លាស់មួយ ប្រគល់ជូនទៅរដ្ឋបាលខេត្តអនុវត្តវិធានការបន្ត។
បើតាមលោកអភិបាលរងស្រុកមណ្ឌលសីមា ដដែល តាមសន្និដ្ឋានបឋមរបស់លោក គឺផ្ទៃដីដែលគេចាក់ដីចូលបំពានមានបណ្តោយ២១១ម៉ែត្រ និងទទឹង១៤ម៉ែត្រ យោងតាមឧបករណ៍វាស់វែងប្រើដោយដៃរបស់មន្រ្តីដែនដីខេត្ត។ ដំបូងឡើយអាជ្ញាធរស្រុកពុំបានដឹងព័ត៌មាននោះទេ តែយោងតាមការណែនាំរបស់រដ្ឋបាលខេត្ត ទើបកោះហៅមន្រ្តីជំនាញនានាចុះពិនិត្យមើលផ្ទាល់នៅថ្ងៃនេះតែម្តង។
លោក ប៊ុនឈួយ គូសបញ្ជាក់ថា លោកស្រី គឹម សុខេម មេឃុំទួលគគីរ មិនបានរាយការណ៍ណាមួយមកកាន់រដ្ឋបាលស្រុកទាល់តែសោះ ជុំវិញការលួចបំពានចាក់ដីចូលចំណីព្រែកព្រៃកោងកាងនេះ ហើយនេះក៏មិនមែនជាទី១ដែលលោកស្រីមេឃុំធ្វើបែបនេះ។ ជាក់ស្តែង ក្រុមការងារចុះទៅដល់ទីតាំងល្មើស ក្រុមរថយន្តដឹកជញ្ចូនអាចម៍មិនឃើញបន្តដឹកជញ្ចូនដីចូលនោះទេ ទំនងជាដឹងពីវិធានការរបស់អាជ្ញាធរជាមុន។
ទោះបីជាយ៉ាងនេះក្តីចុះ លោកអភិបាលរង បានតម្រូវឱ្យលោកស្រីមេឃុំទួលគគីរ ត្រូវកោះហៅជនសង្ស័យឈ្មោះ ម៉ាហ្គោល មកបំភ្លឺចំពោះមុខអាជ្ញាធរ ហើយធ្វើកិច្ចសន្យាបញ្ឃប់ប្រព្រឹត្តបន្តទៀត គ្រាក្នុងភូមិសាស្រ្តនោះជាដីកម្មសិទ្ធិសម្បត្តិរដ្ឋ។
ទាក់ទិននឹងបញ្ហាបំពានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឯកជននេះ លោកស្រី គឹម សុខេម មេឃុំទួលគគីរ មិនអាចសុំការពន្យល់បំភ្លឺបន្ថែមបានទេ ព្រោះតែលោកស្រីមិនលើកទទួលទូរស័ព្ទឆ្លើយតប។
ក្រុមមន្រ្តីជំនាញតែងសង្កេតឃើញមានករណីបំពានដីរដ្ឋជាបន្តបន្ទាប់អំឡុងពេលដែលអាជ្ញាធរកំពុងមមាញឹកលើវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទូទាំងខេត្តកោះកុង។ ហើយជាឱកាសមួយដែលក្រុមអ្នកខិលខូច ហ៊ានបំពានគ្មានញញើតអាជ្ញាធរសមត្ថកិច្ចឡើយព្រោះតែចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន ទើបច្បាប់រង់ចាំអនុវត្តទៅពួកគេយ៉ាងណាក្តី៕អត្ថបទ៖ មករា

