ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធថា សហរដ្ឋអាមេរិក មិនបានបន្តអញ្ជើញរុស្ស៊ីឲ្យវិលចូលទៅក្នុងក្រុមប្រទេសទាំង៧ (G7) វិញឡើយ ក្នុងអំឡុងពេលមានកិច្ចប្រជុំរបស់លោក កាលពីដើមសប្តាហ៍នេះ ជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff និងកូនប្រសា និងជាទីប្រឹក្សាក្រៅផ្លូវការរបស់លោក Trump គឺលោក Jared Kushner នៅវិមានក្រឹមឡាំង។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា India Today ដែលត្រូវបានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែធ្នូ) លោក Putin បាននិយាយថា៖ «ទេ ប្រធានបទនេះគ្រាន់តែត្រូវបានលើកឡើងត្រួសៗប៉ុណ្ណោះ។ ហើយខ្ញុំបានពន្យល់ទៅលោក Witkoff ពីមូលហេតុដែលខ្ញុំបញ្ឈប់ការចូលរួមក្នុងព្រឹត្តិការណ៍របស់ G7 ទាំងនេះ។ មិនមានការផ្ដល់នូវលើកឡើងអ្វីទេ គ្មានអ្វីដូចនោះបានកើតឡើងឡើយ។ យើងគ្រាន់តែនិយាយ អំពីប្រធានបទនេះត្រួសៗប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោកបានបដិសេធថា រុស្ស៊ីមិនបាននិងកំពុងស្វែងរកការស្តារឡើងវិញនូវសមាជិកភាពរបស់ខ្លួន នៅ G7 ឡើយ ដោយកត់សម្គាល់ថា លោកបានឈប់ចូលរួមកិច្ចប្រជុំរបស់វេទិកានេះហើយ ដោយមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ុយក្រែន ដែលលោកបានប្រាប់ថា លោកបានពន្យល់ដល់ភាគីអាមេរិក ក្នុងអំឡុងពេលកិច្ចពិភាក្សានាពេលថ្មីៗនេះ។
លោក Putin បានគូសបញ្ជាក់ថា វេទិកាអន្តរជាតិសំខាន់ៗផ្សេងទៀត កំពុង «ចាប់ផ្តើមគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើង» ដូចជាអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ប្លុក BRICS និងក្រុមប្រទេសទាំង២០ (G20) ដោយកត់សម្គាល់ពីការចូលរួមរបស់រុស្ស៊ី នៅក្នុងវេទិកាទាំងនេះ ដែលមាន «វិធីសាស្រ្តមិនប្រឈមមុខដាក់គ្នា»៕

