ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ India Today ថា រុស្ស៊ីមិនដែលបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត ដើម្បីរួបរួមគ្នាប្រឆាំងនឹងរដ្ឋមួយផ្សេងទៀតឡើយ។
អ្នកសារព័ត៌មានរបស់ទូរទស្សន៍នេះ បានលើកឡើងពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែររវាងរុស្ស៊ី និងឥណ្ឌា ដោយទាក់ទាញការចាប់អារម្មណ៍ទៅលើភាពធំធេងរបស់វា។ លោកបានសួរថាតើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចមានប្រតិកម្មយ៉ាងណាចំពោះរឿងនេះដែរឬយ៉ាងណា។

លោក ពូទីន បាននិយាយថា៖«ទោះបីជាមានសម្ពាធខាងក្រៅជាក់លាក់ណាមួយ ដែលយើងប្រឈមមុខក៏ដោយ ខ្ញុំចង់ឲ្យអ្នកឮវា ហើយខ្ញុំចង់សង្កត់ធ្ងន់លើរឿងនេះថា ទាំងខ្ញុំនិងលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី មិនធ្លាប់ឈានដល់កិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីធ្វើការប្រឆាំងនឹងនរណាម្នាក់នោះទេ»។
លោកបាននិយាយថា លោកប្រធានាធិបតីអាមេរិក មានគោលនយោបាយ និងគោលបំណងផ្ទាល់ខ្លួន ខណៈដែលរុស្ស៊ី និងឥណ្ឌា កំពុងចូលរួមក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួននោះ។
ប្រមុខរដ្ឋរុស្ស៊ីរូបនេះ បានបញ្ជាក់ថា៖«យើងមិនមែនប្រឆាំងនឹងនរណាម្នាក់ទេ ប៉ុន្តែមានគោលបំណងការពារផលប្រយោជន៍រៀងៗខ្លួនរបស់យើង ផលប្រយោជន៍របស់ឥណ្ឌា និងរុស្ស៊ី។ នៅក្នុងការដោះស្រាយរបស់យើង យើងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃទេ ហើយខ្ញុំជឿថា មេដឹកនាំមកពីប្រទេសដទៃទៀត គួរតែដឹងគុណចំពោះរឿងនេះ»៕
