នៅថ្ងៃសុក្រនេះ ប្រធានាធិបតីចិនលោក Xi Jinping អមដំណើរសមភាគីបារាំងលោក Emmanuel Macron ទៅកាន់ទីក្រុង Chengdu ដែលជាកាយវិការដ៏កម្រមួយសម្រាប់ប្រមុខរដ្ឋសេដ្ឋកិច្ចធំទី ២របស់អឺរ៉ុប ដែលឆ្លុះបញ្ចាំងពីការផ្តោតសំខាន់របស់ទីក្រុងប៉េកាំងលើទីក្រុងប៉ារីស ក្នុងការដោះស្រាយភាពតានតឹងជាមួយសហភាពអឺរ៉ុប ។
ប្រធានាធិបតីបារាំងជាមួយភរិយា Brigitte Macron របស់លោក បានចូលរួមជាមួយលោក Xiនៅទំនប់ទឹកប្រវត្តិសាស្រ្ត Dujiangyan ។ លោក Xi អមដំណើរផងដែរដោយភរិយា Peng Liyuan របស់លោក ។ ទំនប់ទឹកមួយនេះ គ្រប់គ្រងលំហូរទឹកជុំវិញទីក្រុង Chengdu ចាប់តាំងពីសតវត្សរ៍ទី ៣ មុន គ.ស មកម្ល៉េះ ។

ជំនួបនៅក្នុងទីក្រុងប៉េកាំងរបស់មេដឹកនាំទាំង ២កាលពីថ្ងៃព្រហស្បតិ៍ បង្កើតបានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១២ គ្របដណ្តប់លើប្រធានបទជាច្រើចដូចជា កំណើនមនុស្សចាស់ ថាមពលនុយក្លេអ៊ែរ និងការអភិរក្សសត្វខ្លាឃ្មុំផេនដា ។ គ្មានចំនួនទឹកប្រាក់ត្រូវបានបង្ហាញនោះទេ បើទោះបីជាលោក Macronត្រូវបានអមដំណើរសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី ៤របស់លោកមកកាន់ប្រទេសចិន ដោយប្រធានក្រុមហ៊ុនធំៗបំផុតមួយចំនួនរបស់បារាំងក៏ដោយ ។
មេដឹកនាំចិនពុំត្រូវបានគេរំពឹងថានឹងអនុម័តការបញ្ជាទិញយន្តហោះ Airbusរង់ចាំជាយូរមកហើយចំនួន ៥០០ គ្រឿងនោះទេ ពីព្រោះថា វានឹងធ្វើឲ្យឥទ្ធិពលរបស់ទីក្រុងប៉េកាំងចុះខ្សោយ អំឡុងពេលចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលកំពុងជំរុញឲ្យមានការប្តេជ្ញាចិត្តទិញយន្តហោះ Boeingថ្មី ៕
