នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយតាមវិទ្យុ Kossuthថា ដំណោះស្រាយជម្លោះនៅអ៊ុយក្រែន គួរតែនាំឲ្យមានការលើកលែងទណ្ឌកម្មរបស់លោកខាងលិច និងការរឹតបន្តឹងផ្សេងទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោកនាយករដ្ឋមន្ត្រី បានថ្លែងថា៖«សន្តិភាព [នៅអ៊ុយក្រែន] ត្រូវតែបំបែកប្រព័ន្ធទណ្ឌកម្ម»។ លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ផែនការរបស់គណៈកម្មការអឺរ៉ុបក្នុងការបញ្ឈប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបជាបណ្តើរៗ នៅឆ្នាំ ២០២៨ នឹងមិនត្រូវបានអនុវត្តឡើយ។ លោក Orban បានបន្ថែមថា៖«ខ្ញុំសង្ឃឹមថា នៅពេលនេះ សន្តិភាពនឹងត្រូវបានសម្រេច ហើយបញ្ហានេះនឹងលែងមាននៅក្នុងរបៀបវារៈទៀតហើយ»។

លោកបានបញ្ជាក់ថា ប្រទេសហុងគ្រីនឹងដាក់ពាក្យបណ្តឹងទៅតុលាការសហភាពអឺរ៉ុប ប្រសិនបើគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ក្នុងការហាមឃាត់ការទិញធនធានថាមពលរបស់រុស្ស៊ី ត្រូវបានអនុម័តដោយរដ្ឋសមាជិកភាគច្រើន។ ទីក្រុងប៊ុយដាប៉ែស (Budapest) អះអាងថា ទីក្រុងប្រ៊ុចសែលនឹងរំលោភច្បាប់សហភាពអឺរ៉ុបដោយស្វែងរកការអនុម័តការសម្រេចចិត្តបែបនេះ ដោយការបោះឆ្នោតសាមញ្ញមួយជាជាងការឯកភាពគ្នា ខណៈការសម្រេចនេះត្រូវបានគេចោទប្រកាន់ថា ទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្មជាជាងទណ្ឌកម្ម។
លោក Orban បាននិយាយថា៖«ប្រសិនបើឧស្ម័ន និងប្រេងមិនហូរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសហុងគ្រីទេ វានឹងមានផលវិបាកដ៏សោកសៅសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ»។ លោកបានសង្កត់ធ្ងន់ថា «នេះគឺជាបញ្ហាដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចហុងគ្រី និងសម្រាប់ប្រជាជនហុងគ្រី»៕
